វិបត្តិតម្លៃប្រេងសាំងដែលហក់ឡើងយ៉ាងគំហុកនៅទូទាំងពិភពលោកដោយសារសង្រ្គាមនៅអ៊ីរ៉ង់ បានបង្កឱ្យក្ដីបារម្ភ និងភាពមិនច្បាស់លាស់សម្រាប់ក្រុមហ៊ុនផលិតរថយន្ត អ្នកចែកចាយ និងម្ចាស់យានយន្តនៅតាមស្ថានីយចាក់ប្រេងឥន្ធនៈនានា ប៉ុន្តែសម្រាប់អាជីវកម្មលក់រថយន្តអគ្គិសនី និងរថយន្តអគ្គិសនីលាយសាំងមួយចំនួន បញ្ហានេះគឺជាឱកាសមួយទៅវិញ។

កំណើនការចាប់អារម្មណ៍លើរថយន្តអគ្គិសនីសុទ្ធ ក៏ដូចជារថយន្តអគ្គិសនីលាយសាំង ទំនងជានឹងកើតមានច្រើននៅក្នុងតំបន់អឺរ៉ុប ជាទីដែលរថយន្តប្រើអគ្គិសនីសុទ្ធ មានចំនួន ១៩,៥% នៃការលក់សរុបកាលពីឆ្នាំមុន ខណៈដែលការបញ្ចុះតម្លៃពន្ធរបស់រដ្ឋាភិបាលសម្រាប់ការទិញរថយន្តអគ្គិសនី ក៏កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ឡើងវិញ។
កន្លែងលក់រថយន្តអគ្គិសនីមួយកន្លែងនៅភាគនិរតីដែនដីអង់គ្លេស បានប្រាប់សារព័ត៌មានរ៉យទ័រថា ខ្លួនមើលឃើញថ្ងៃលក់ដ៏មមាញឹកបំផុតមិនធ្លាប់មានក្នុងពេលថ្មីៗនេះ បន្ទាប់ពីសង្រ្គាមបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
ជម្លោះនេះបានរំខានដល់ការដឹកជញ្ជូនតាមនាវានៅក្នុងច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រហែល ២០% នៃការផ្គត់ផ្គង់ប្រេងសកល។ ម្ចាស់ហាងលក់រថយន្តអគ្គិសនីជាច្រើនបាននិយាយថា «ពួកគេលក់រថយន្តអស់លឿនខ្លាំងណាស់» ដោយបន្ថែមថា អតិថិជនដែលទៅទិញដល់ហាងបានសម្ដែងក្ដីបារម្ភថា តម្លៃប្រេងសាំងនឹងកើនឡើងកាន់តែខ្ពស់។
របាយការណ៍សារព័ត៌មានរ៉យទ័របាននិយាយថា ប្រវត្តិសាស្ត្របានបង្ហាញថា ការឡើងថ្លៃប្រេងភ្លាមៗ អាចនាំឱ្យមានការផ្លាស់ប្តូរនៅក្នុងទម្លាប់នៃការទិញរថយន្តរបស់អ្នកប្រើប្រាស់ ដូចជាវិបត្តិថាមពលក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលបានធ្វើឱ្យអ្នកទិញរថយន្តនៅសហរដ្ឋអាមេរិក សម្រេចចិត្តជ្រើសរើសយករថយន្តខ្នាតតូចជាងមុនពីជប៉ុន៕

