អឺរ៉ុប៖ យោងតាមរដ្ឋមន្ត្រីក្រសួងថាមពលអាល្លឺម៉ង់លោក Robert Habeck ក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង៧ ឬ G7 បានស្រុះស្រួលគ្នាច្រានចោលការទាមទាររបស់ក្រុង Moscow ដែលតម្រូវឲ្យទូទាត់ថ្លៃចំណាយនាំចូលឧស្ម័នពីប្រទេសរុស្ស៊ីជាប្រាក់រូប្លិ៍របស់រុស្ស៊ី។

លោក Robert Habeck បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា បណ្ដារដ្ឋមន្ត្រី G7 ទាំងអស់បានព្រមព្រៀងទាំងស្រុងថា ការតម្រូវឲ្យទូទាត់ជារូបិយប័ណ្ណរុស្ស៊ីនឹងក្លាយជាការសម្រេចតែម្ខាង និងជាការបំពានយ៉ាងច្បាស់លើកិច្ចសន្យាដែលមានស្រាប់។ រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា ការទូទាត់ថ្លៃចំណាយជាប្រាប់រូប្លិ៍គឺជារឿងមិនអាចទទួលយកបាន ហើយថាប្រទេសទាំងអស់នឹងជំរុញដល់ក្រុមហ៊ុននានាដែលរងផលប៉ះពាល់ កុំអនុវត្តតាមការទាមទារដែលបានចេញដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីសប្ដាហ៍មុន។
កាលពីថ្ងៃចន្ទ លោក Putin បានបញ្ជាឲ្យរដ្ឋាភិបាលធនាគារកណ្ដាល និងស្ថាប័នហិរញ្ញវត្ថុធំបំផុតរបស់រុស្ស៊ី Gazprombank បង្កើតឧបករណ៍ចាំបាច់ ដើម្បីកែប្រែរាល់មធ្យោបាយទូទាត់ការចំណាយទាំងអស់ សម្រាប់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីពីបណ្ដារដ្ឋអមិត្តទៅជាប្រាក់រូប្លិ៍វិញចាប់ពីថ្ងៃទី៣១ ខែមីនានេះ៕
អត្ថបទ៖ សុខមាន