រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ការសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ រួមទាំងប្រមុខសន្តិសុខ លោក Ali Larijani ផងដែរ នឹងមិនមែនជាការឈានថយក្រោយ សម្រាប់រដ្ឋាភិបាលទីក្រុងតេអេរ៉ង់នោះឡើយ ដោយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Al Jazeera លោកបានពន្យល់ថា ការគ្រប់គ្រងនៅក្នុងប្រទេសអ៊ីរ៉ង់ គឺផ្អែកលើស្ថាប័ន មិនមែនលើបុគ្គលទេ ហើយបានទទូចថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើមេដឹកនាំកំពូល នឹងមិនធ្វើឲ្យប្រព័ន្ធនេះរង្គោះរង្គើទេ ពោលគឺនៅតែបន្តដំណើរការ ទោះបីជាមានការធ្វើឃាតមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ក៏ដោយ។

ការអត្ថាធិប្បាយនេះបានកើតឡើងបន្ទាប់ពីលោក Larijani ដែលជាមន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ រួមជាមួយកូនប្រុស គឺលោក Morteza និងជំនួយការម្នាក់របស់លោក ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ដោយអាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់ពីការស្លាប់នេះ កាលពីថ្ងៃអង្គារ (ទី១៧ ខែមីនា ឆ្នាំ២០២៦)។ លោក Gholamreza Soleimani មេកងជីវពល Basij ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងការវាយប្រហារមួយផ្សេងទៀតរបស់អ៊ីស្រាអែល។
តែយ៉ាងណាក្ដី បើទោះបីជាមានការបាត់បង់ថ្នាក់ដឹកនាំជាបន្តបន្ទាប់ ពេលនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera លោក Araghchi បានប្រាប់ថា៖ «ខ្ញុំមិនដឹងថា ហេតុអ្វីបានជាជនជាតិអាមេរិក និងអ៊ីស្រាអែល នៅតែមិនទាន់យល់ចំណុចនេះ នោះគឺថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ មានរចនាសម្ព័ន្ធនយោបាយដ៏រឹងមាំ ដោយស្ថាប័ននយោបាយ សេដ្ឋកិច្ច និងសង្គម ត្រូវបានបង្កើតឡើង ហើយដំណើរការយ៉ាងល្អប្រសើរ»។

លោកបានបញ្ជាក់បន្ថែមថា៖ «វត្តមាន ឬអវត្តមានរបស់បុគ្គលណាម្នាក់ មិនប៉ះពាល់ដល់រចនាសម្ព័ន្ធនេះទេ។ ជាការពិតណាស់ បុគ្គលម្នាក់ៗ មានឥទ្ធិពល ហើយមនុស្សម្នាក់ៗដើរតួនាទីរបស់ពួកគេ ខ្លះល្អជាង ខ្លះអាក្រក់ជាង ខ្លះតិចជាង ប៉ុន្តែអ្វីដែលសំខាន់នោះ គឺថា ប្រព័ន្ធនយោបាយនៅក្នុងប្រទេសអ៊ីរ៉ង់ គឺជារចនាសម្ព័ន្ធដ៏រឹងមាំមួយ»។
គួរបញ្ជាក់ថា យោធាអ៊ីរ៉ង់ត្រូវបានរៀបចំឡើងដោយផ្អែកលើគោលលទ្ធិ «Mosaic Defence» (ប្រព័ន្ធការពារជាតិម៉ូសាអ៊ីក) ដែលបង្កើតឡើងជាច្រើនឆ្នាំមុនដោយអ្នកយុទ្ធសាស្ត្រអ៊ីរ៉ង់ លោក Mohammad Ali Jafari។ នៅក្នុងសេចក្តីថ្លែងការណ៍មុននេះ លោក Araghchi បានពិពណ៌នាអំពីយុទ្ធសាស្ត្រការពារជាតិរបស់អ៊ីរ៉ង់ថា ជា «ការសិក្សា ២ទសវត្សរ៍» ចំពោះ «ការបរាជ័យរបស់យោធាអាមេរិក នៅភាគខាងកើត និងខាងលិចរបស់យើង»៕