នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយនៅថ្ងៃពុធ (ទី១៨ ខែមីនា ឆ្នាំ២០២៦) នេះថា លោកស្រីនឹងពិភាក្សាអំពីការអភិវឌ្ឍរ៉ែកម្ររួមគ្នា នៅសមុទ្រទឹកជ្រៅ នៅឯកោះប៉ាស៊ីហ្វិកដាច់ស្រយាលមួយ នៅពេលដែលជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងសប្តាហ៍នេះ។
កាលពីខែកុម្ភៈ ទីក្រុងតូក្យូទទួលបានជោគជ័យក្នុងការទាញយកសំណល់មានរ៉ែកម្រ ជាលោហៈចំនួន ១៧មុខដែលត្រូវប្រើប្រាស់ក្នុងការផលិតគ្រប់យ៉ាង រាប់ចាប់ពីយានយន្តអគ្គិសនី រហូតដល់ឧបករណ៍រក្សាទិន្នន័យរបស់កុំព្យួទ័រ និងមីស៊ីល ពីជម្រៅមហាសមុទ្រ ៦.០០០ម៉ែត្រ ក្នុងបេសកកម្មសាកល្បងមួយ នៅជិតកោះ Minamitorishima។

ជប៉ុន និងសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសជាច្រើនទៀត កំពុងប្រឹងប្រែងទប់ស្កាត់ការពឹងផ្អែក លើចិនសម្រាប់រ៉ែដ៏មានតម្លៃ។
លោកស្រី Takaichi បានប្រាប់សភាថា៖ «យើងបានពិភាក្សាអំពីការអភិវឌ្ឍធនធាន នៅពេលដែលលោកប្រធានាធិបតី Trump បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងខែតុលាឆ្នាំមុន ហើយចាប់តាំងពីខែកុម្ភៈមក ជប៉ុន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការពិភាក្សាជាក់ស្តែង ស្ដីពីកិច្ចសហប្រតិបត្តិការ ទាក់ទងនឹងការអភិវឌ្ឍធនធានរ៉ែសមុទ្រ»។
លោកស្រីបានបន្ថែមថា៖ «រ៉ែកម្រ នៅក្នុងដែនទឹកជុំវិញកោះ Minamitorishima គឺជាគោលដៅមួយនៃកិច្ចប្រឹងប្រែងនេះ ហើយខ្ញុំរំពឹងថា វាក៏នឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលជប៉ុន-សហរដ្ឋអាមេរិកនាពេលខាងមុខផងដែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា។ យើងនឹងពិភាក្សាអំពីលក្ខណៈជាក់លាក់នៃអ្វីដែលកិច្ចសហប្រតិបត្តិការបែបនេះ គួរតែសម្រេចបាន»៕
