មន្ត្រីមកពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារ (ទី១៧ ខែមីនា ឆ្នាំ២០២៦) ថា ការធ្វើសង្រ្គាម លើអ៊ីរ៉ង់ មិនបានធ្វើឲ្យយឺតពេលដល់ការដឹកជញ្ជូនអាវុធទៅកាន់កោះតៃវ៉ាន់ ឬផ្លាស់ប្ដូរគោលនយោបាយ ចំពោះដែនដីនេះទេ ទោះបីជាទាមទារឲ្យមានយុទ្ធនាការផ្លូវអាកាសដ៏ខ្លាំងក្លាក៏ដោយ។
នៅឯសវនាការរបស់គណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រ ឧបការីរងការបរទេស ទទួលបន្ទុកកិច្ចការនយោបាយ-យោធា លោក Stanley Brown បានប្រាប់ថា៖ «តើយើងបាននិងកំពុងពន្យារពេលការដឹកជញ្ជូនទៅកាន់កោះតៃវ៉ាន់មែនទេ? យើងមិនបានពន្យារពេលឡើយ»។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាស លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាយុទ្ធនាការមួយដែលបាននាំឲ្យមានក្ដីបារម្ភ ក្នុងចំណោមមន្ត្រីអាមេរិកមួយចំនួនថា ឧស្សាហកម្មការពារជាតិអាមេរិក នឹងមិនអាចបំពេញតម្រូវការបាន ហើយអាចត្រូវបង្ខំឲ្យបន្ថយការដឹកជញ្ជូនទៅកាន់អ្នកទិញនានា ដូចជាកោះតៃវ៉ាន់ជាដើម ដែលប្រឈមនឹងសម្ពាធយោធាកើនឡើងជាលំដាប់ពីប្រទេសចិន។
មានការដឹកជញ្ជូនអាវុធរបស់សហរដ្ឋអាមេរិកដែលមានតម្លៃរាប់ពាន់លានដុល្លាររួចហើយ ទៅកាន់កោះតៃវ៉ាន់ មុនពេលសង្គ្រាមអ៊ីរ៉ង់ចាប់ផ្តើម។ ហើយលោក Brown បានបញ្ជាក់ថា រដ្ឋបាលកំពុងស្វែងរកវិធី ដើម្បីពន្លឿនការដឹកជញ្ជូន តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ៕
