ប្រធានាធិបតីស្ដីទីរបស់ប្រទេសប៉េរូ លោក Jose Maria Balcazar កាលពីថ្ងៃអង្គារ (ទី១៧ ខែមីនា ឆ្នាំ២០២៦) បានតែងតាំងអតីតឧត្តមសេនីយ៍ លោក Luis Enrique Arroyo ជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោកស្រី Denisse Miralles បានលាលែងពីតំណែងភ្លាមៗនៅថ្ងៃទី១៧ ខែមីនា ដោយមានរយៈពេល ៣សប្តាហ៍ក្រោយឡើងកាន់តំណែង ជាការសម្រេចដែលធ្វើឲ្យរដ្ឋាភិបាលទើបបង្កើតថ្មីធ្លាក់ចូលទៅក្នុងវិបត្តិ។
លោក Arroyo បានបម្រើការជារដ្ឋមន្ត្រីការពារជាតិក្រោមការដឹកនាំរបស់លោកស្រី Miralles ដែលការចាកចេញរបស់លោកស្រី បានកើតឡើងមួយថ្ងៃមុនការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដោយសភា ដោយនាំឲ្យសមាជិកគណៈរដ្ឋមន្ត្រីប៉េរូចំនួន ១៨នាក់ផ្សេងទៀតដែលត្រូវបានតែងតាំងដោយប្រធានាធិបតី Balcazar ក៏ត្រូវចុះចេញពីតំណែងផងដែរ។

ការិយាល័យរបស់លោក Balcazar បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាលអន្តរកាលមានបេសកកម្មដឹកនាំឲ្យមានស្ថិរភាព ដោយផ្តោតលើការធានាតម្លាភាពពេញលេញនៃដំណើរការបោះឆ្នោត»។ ជាមួយគ្នានេះ លោក Balcazar ក៏បានតែងតាំងរដ្ឋមន្ត្រីការពារជាតិ មហាផ្ទៃ និងសេដ្ឋកិច្ចថ្មីផងដែរ។
លោកស្រី Miralles វ័យ ៤៩ឆ្នាំ ពីមុនបានបម្រើការជារដ្ឋមន្ត្រីសេដ្ឋកិច្ច ក្រោមការដឹកនាំអ្នកកាន់តំណែងមុនរបស់លោក Balcazar គឺលោក Jose Jeri ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយកាលពីខែកុម្ភៈ។ លោកស្រី Miralles មិនបានបញ្ជាក់មូលហេតុនៃការលាលែងពីតំណែងរបស់លោកស្រីឡើយ៕
