ប្រមុខការទូតទួរគី បានព្រមានកាលពីថ្ងៃអង្គារថា ប្រសិនបើសង្គ្រាមមជ្ឈិមបូព៌ារីករាលដាល វាអាចបង្កើតវិបត្តិជនភៀសខ្លួន «ជាអចិន្ត្រៃយ៍» ខណៈដែលប្រទេសលីបង់ បាននិយាយថា ការវាយប្រហារ របស់អ៊ីស្រាអែល បានធ្វើឲ្យមនុស្សជាងមួយលាននាក់ត្រូវផ្លាស់ទីលំនៅ។
រដ្ឋមន្ត្រីការបរទេសលោក Hakan Fidan បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីកាណាដារបស់លោកគឺលោកស្រី Anita Anand ថា៖«ប្រសិនបើសង្គ្រាម...រីករាលដាល មានលទ្ធភាពដែលរឿងនេះ នឹងប្រែក្លាយទៅជាវិបត្តិជនភៀសខ្លួនអចិន្ត្រៃយ៍ ដោយជនភៀសខ្លួន កំពុងស្វែងរកជម្រកនៅខាងក្រៅព្រំដែននៃប្រទេសរបស់ពួកគេ»។

«សង្រ្គាមនេះ ចាំបាច់ត្រូវបញ្ឈប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ប្រទេសលីបង់ ត្រូវបានអូសចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា នៅថ្ងៃទី ០២ ខែមីនា នៅពេលដែលក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei អំឡុងពេលវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់។
ចាប់តាំងពីពេលនោះមក អាជ្ញាធរលីបង់បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សជាងមួយលាននាក់ បានចុះឈ្មោះជាអ្នកផ្លាស់ទីលំនៅ ដែលតំណាងឲ្យជាងមួយភាគប្រាំមួយនៃចំនួនប្រជាជនទាំងមូលរបស់ខ្លួន។
ព័ត៌មាននេះ បានកើតឡើង នៅពេលដែលយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិថ្មើរជើងមានកម្រិតប្រឆាំងនឹងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់៕
