អង្គការ UNICEF បាននិយាយកាលពីថ្ងៃអង្គារថា បទបញ្ជាមួយរបស់កងទ័ពស៊ូដង់ខាងត្បូងឲ្យជម្លៀសចេញពីទីក្រុង Akobo ដែលគ្រប់គ្រងដោយក្រុមប្រឆាំងកាលពីដើមខែនេះ បានជំរុញឲ្យមនុស្សប្រមាណ ១០០.០០០នាក់ ភៀសខ្លួនឆ្លងព្រំដែនចូលទៅប្រទេសអេត្យូពី។

ទីក្រុង Akobo នៅភាគខាងកើតរដ្ឋ Jonglei គឺជាកន្លែងផ្ទុះអំពើហិង្សាចុងក្រោយបង្អស់ ខណៈដែលការប្រយុទ្ធគ្នារវាងរដ្ឋាភិបាល និងក្រុមប្រឆាំង បាននាំឲ្យស៊ូដង់ខាងត្បូងវិលត្រឡប់ទៅរកស្ថានភាពនៃសង្គ្រាមស៊ីវិលទាំងស្រុង។
កងទ័ពបានបញ្ជាឲ្យជម្លៀសចេញពីទីក្រុងនេះ រួមទាំងទីភ្នាក់ងារជំនួយបរទេសផងដែរ នៅថ្ងៃទី ០៦ ខែ មីនា។
ចាប់តាំងពីពេលនោះមក កងទ័ពនេះ អះអាងថា ខ្លួនបានគ្រប់គ្រងទីក្រុង Akobo ទោះបីជាមានរបាយការណ៍ផ្ទុយគ្នាអំពីព្រឹត្តិការណ៍ជាក់ស្តែង ដែលមិនអាចផ្ទៀងផ្ទាត់បាន ដោយសារតែការទំនាក់ទំនងមានកម្រិតក៏ដោយ។
ប្រភពសន្តិសុខមួយ បានប្រាប់សារព័ត៌មានសារព័ត៌មាន AFP ថា កងទ័ពបានកាន់កាប់បន្ទាយយោធា នៅក្នុងទីក្រុង Akobo និងបានបំផ្លាញអគារនៅក្បែរនោះ ដើម្បីបង្កើតតំបន់ទ្រនាប់មួយ ប៉ុន្តែពុំមានរបាយការណ៍ផ្លូវការណាមួយ ត្រូវបានចេញនៅឡើយទេ។
ទីភ្នាក់ងារកុមារអង្គការសហប្រជាជាតិ បាននិយាយថា៖«អំពើហិង្សា និងជម្លោះ កំពុងផ្ទុះឡើង» នៅទូទាំងទីក្រុង Jonglei ដែលបានបង្កើត «ស្ថានភាពកាន់តែអាក្រក់ឡើងៗសម្រាប់កុមារ»៕
