ភ្នំពេញ ៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន បានផ្តល់អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ការប្រើប្រាស់បង្ការ ការពារការឆ្លងជំងឺកូវីដ ១៩ ដល់បុគ្គលិកទាំងអស់នៃអគ្គនាយដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។
អំណោយជាសម្ភារវេជ្ជសាស្រ្ត ថ្នាំពេទ្យ និងសម្អាតអនាម័យ សម្រាប់ការបង្ការ ការពារការឆ្លងជំងឺកូវីដ ១៩ ត្រូវបានផ្តល់ជូនពិសេសសម្រាប់បុគ្គលិកទាំងអស់រួមមាន វិទ្យុ ទូរទស្សន៍បាយ័ន ទូរទស្សន៍ព័ត៌មានប៊ីធីវី ដែលកំពុងបំពេញការងារយ៉ាងសកម្ម ទោះស្ថិតក្នុងបរិបទកូវីដព្រមទាំងមានការឆ្លងរាលដាលនាពេលបច្ចុប្បន្ននេះយ៉ាងណាក៏ដោយ។
បុគ្គលិកក្រោមឪវាទគ្រប់ផ្នែក ចាត់ទុកថា នេះគឺជាអំណោយពិសេស បន្ថែមលើការគិតគូរផ្តល់ជូននូវសម្ភារៈសម្រាប់ប្រើប្រាស់ប្រចាំ ដើម្បីការពារខ្លួនក្នុងពេលចុះបំពេញការងារ លើសពីនេះបង្ហាញនូវការយកចិត្តទុកដាក់ពីសុវត្ថិភាពសុខមាលភាព និងមនោសញ្ចេតនាអាណិតស្រលាញ់ចំពោះកូនចៅក្រោមឪវាទ។
ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត លោកជំទាវអគ្គនាយិកា ព្រមទាំងក្រុមគ្រួសារដែលតែងគិតគូរខ្ពស់ចំពោះសុខមាលភាព សុវត្ថិភាពការងាររបស់បុគ្គលឹកទាំងអស់ ជាពិសេសក្នុងស្ថានភាពដែលជំងឺកូវីដ ១៩ បាន និងកំពុងរាលដាលគ្រប់ទីកន្លែងនៅទូទាំងប្រទេស៕អត្ថបទ ៖ រក្សា








