មន្ទីរបញ្ចកោណកំពុងមានគម្រោងផលិតយានដ្រូនវាយប្រហារ LUCAS ទ្រង់ទ្រាយធំ ដែលត្រូវបានដាក់ពង្រាយដោយកងកម្លាំងអាមេរិកនៅក្នុងសង្គ្រាមបច្ចុប្បន្ននៅមជ្ឈិមបូព៌ា បន្ទាប់ពីពួកវាត្រូវបានបង្កើតឡើងដោយវិស្វកម្មបញ្ច្រាសប្រព័ន្ធ Shahed ដែលមានតម្លៃថោក និងសាហាវរបស់អ៊ីរ៉ង់។
យានដ្រូន LUCAS ឬប្រព័ន្ធយានដ្រូនវាយប្រហារប្រយុទ្ធមានតម្លៃទាប គឺជាកំណែរបស់សហរដ្ឋអាមេរិកនៃយានដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ ហើយត្រូវបានផលិតដោយក្រុមហ៊ុនអាមេរិក SpektreWorks។ ក្រសួងការពារជាតិបានបញ្ជូនអង្គភាពមួយដែលកំពុងប្រតិបត្តិការយានដ្រូនទៅកាន់តមបន់មជ្ឈិមបូព៌ា មុនពេលចាប់ផ្តើមប្រតិបត្តិការ Epic Fury លើអ៊ីរ៉ង់។ ថ្នាក់ដឹកនាំមន្ទីរបញ្ចកោណ បានពិពណ៌នាអំពីប្រព័ន្ធនេះថា ជាអ្វីដែលមិនអាចខ្វះបាននៅក្នុងជម្លោះនេះ។

នៅក្នុងសន្និសីទឧស្សាហកម្មការពារជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ (ទី១៧ ខែមីនា ឆ្នាំ២០២៦) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិទទួលបន្ទុកការស្រាវជ្រាវ និងវិស្វកម្មនៃក្រសួងការពារជាតិ គឺលោក Emil Michael បាននិយាយថា «គំនិតនេះ គឺដើម្បីផលិតយានដ្រូនទ្រង់ទ្រាយធំ នៅក្នុងប្រទេសនេះ និងមានសមត្ថភាពប្រសើរជាងមុន»។ លោក Michael បានបន្ថែមថា យានដ្រូនទាំងនោះដំណើរការល្អណាស់រហូតមកដល់ពេលនេះ ដោយចាត់ទុកថា «ជាឧបករណ៍ដ៏មានប្រយោជន៍នៅក្នុងឃ្លាំងអាវុធ»។
យានដ្រូនវាយប្រហារនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃប្រហែល ៥៥.០០០ដុល្លារ ក្នុងមួយគ្រឿង និងាមានរយៈចម្ងាយ ដែលលើសពី ៤០០ម៉ាយល៍ណត់ (ប្រមាណ ៧៤០គីឡូម៉ែត្រ)។ គោលបំណងនៃការផលិតនេះ គឺដើម្បីជំនួសមីស៊ីលតម្រង់គោលដៅតម្លៃថ្លៃរបស់សហរដ្ឋអាមេរិក ដែលអាចមានតម្លៃរាប់លានដុល្លារ ក្នុងមួយគ្រឿង៕
