ជំហានសំខាន់បំផុតមួយ សម្រាប់អ្នកចំណូលថ្មី គឺការដឹងអំពីបទប្បញ្ញត្តិគយ និងព្រំដែនរបស់ប្រទេសកាណាដា ដែលត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ដើម្បីការពារសុវត្ថិភាពសាធារណៈ កសិកម្ម សត្វព្រៃ និងបរិស្ថាន។
របស់របរខ្លះអាចគ្មានគ្រោះថ្នាក់នៅកន្លែងផ្សេងទៀត តែអាចបង្កហានិភ័យធ្ងន់ធ្ងរ នៅកាណាដា ហើយការត្រួតពិនិត្យព្រំដែន គឺហ្មត់ចត់ ដែលតម្រូវឲ្យអ្នកធ្វើដំណើរប្រកាសទំនិញទាំងអស់ដោយស្មោះត្រង់ ដើម្បីជៀសវាងការពិន័យដែលមានរាប់ចាប់ពីការរឹបអូស រហូតដល់ការចោទប្រកាន់ព្រហ្មទណ្ឌ។
កាណាដាបន្តអនុវត្តច្បាប់នាំចូលដ៏តឹងរ៉ឹងបំផុតមួយចំនួនរបស់ពិភពលោក ដើម្បីការពារវិស័យកសិកម្ម ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងសុខភាពសាធារណៈរបស់ខ្លួន។ សូម្បីតែសម្ភារៈសរីរាង្គតិចតួច ក៏អាចបង្កជំងឺ ឬប្រភេទជំងឺឈ្លានពាន (ជំងឺរាលដាលលឿន) ដែលអាចបំផ្លាញកសិកម្មក្នុងស្រុក ឬសត្វព្រៃក្នុងស្រុក។
យោងតាមគោលការណ៍ណែនាំដែលបានត្រូវបានធ្វើបច្ចុប្បន្នភាព បានបញ្ជាក់ថា អាហារ រុក្ខជាតិ និងផលិតផលសត្វ គឺស្ថិតក្នុងចំណោមប្រភេទដែលមានការគ្រប់គ្រងខ្លាំងបំផុត។ អ្នកធ្វើដំណើរគួរតែដឹងថាអាហារ និងផលិតផលពាក់ព័ន្ធទាំងនេះ ត្រូវបានរឹតបន្តឹង ឬហាមឃាត់មិនឲ្យយកចូលក្នុងប្រទេសកាណាដា។
ដំបូងគេ គឺផ្លែឈើ និងបន្លែស្រស់ៗ ដោយផលិតផលទាំងនេះ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ព្រោះវាអាចជាជម្រកសត្វល្អិត និងជំងឺដែលមិនមាននៅកាណាដា។ សាច់ឆៅ ឬសាច់ឆ្អិនគ្រប់ប្រភេទ ត្រូវបានហាមឃាត់ ព្រោះវាអាចបង្កឲ្យមានជំងឺសត្វដែលនឹងប៉ះពាល់ដល់បសុសត្វនៅកាណាដា។
ចំណែកផលិតផលទឹកដោះគោ រួមទាំងទឹកដោះគោ ឈីស និងយ៉ាអួរ ត្រូវបានដាក់កម្រិតដោយសារតែហានិភ័យពីការមានជំងឺអ៊ុតក្ដាម និងកង្វល់សុខភាពសត្វផ្សេងទៀត។ ម្ហូបអាហារធ្វើនៅផ្ទះគ្រប់ប្រភេទ មិនត្រូវបានអនុញ្ញាតទេ ព្រោះគ្រឿងផ្សំ និងវិធីសាស្រ្តរៀបចំរបស់វា មិនអាចផ្ទៀងផ្ទាត់សុវត្ថិភាពបានទេ។
គ្រាប់ពូជ និងរុក្ខជាតិផ្សាំ ត្រូវបានហាមឃាត់ដោយគ្មានការអនុញ្ញាតពិសេសឡើយ ព្រោះវាអាចបង្កឲ្យមានអម្បូររុក្ខជាតិឈ្លានពាន ឬជំងឺរុក្ខជាតិ។ អុសត្រូវបានហាមឃាត់ ព្រោះវាអាចជាជម្រកសត្វល្អិត និងជំងឺដែលគំរាមកំហែងដល់ព្រៃឈើ និងជីវចម្រុះរបស់កាណាដា។
រីឯរុក្ខជាតិក្នុងផ្ទះ តម្រូវឲ្យមានការអនុញ្ញាត និងការត្រួតពិនិត្យពិសេស ព្រោះវាអាចផ្ទុកសត្វល្អិត ឬជំងឺដែលឆ្លងតាមដី។ មិនខុសគ្នាដែរ សត្វចិញ្ចឹម និងសត្វមានជីវិត តម្រូវឲ្យមានការអនុញ្ញាតពិសេស ហើយត្រូវតែបំពេញតាមតម្រូវការវិញ្ញាបនបត្រសុខភាពយ៉ាងតឹងរ៉ឹង មុននាំចូល៕