រូបភាពវីដេអូឃ្លីបចេញដោយប្រតិបត្តិករកំពង់ផែពហុជាតិឥណ្ឌា និងក្រុមហ៊ុនភស្តុភារ Adani Port ឃើញនាវាដោតទង់ជាតិឥណ្ឌា Jag Laadki នៅក្នុងសមុទ្រតាមផ្លូវទៅកាន់ប្រទេសឥណ្ឌា ។
នាវា Jag Laadki ដែលផ្ទុកប្រេងឆៅអារ៉ាប់រួមទម្ងន់ ៨០.៨០០តោន បានចូលចតកំពង់ផែ Mundra នាថ្ងៃពុធនេះ ។

ក្រសួងប្រេង និងឧស្ម័នធម្មជាតិឥណ្ឌា និយាយកាលពីថ្ងៃអាទិត្យថា នាវាមួយគ្រឿងនេះ បានផ្ទុកប្រេងនៅចំណត Single Point Mooring ពេលដែលចំណត Fujairah របស់អារ៉ាប់រួម រងការវាយប្រហារ ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា និយាយកាលពីថ្ងៃសៅរ៍ថា ឥណ្ឌាស្វែងរកផ្លូវសុវត្ថិភាពសម្រាប់នាវា ២២គ្រឿងរបស់ខ្លួនដែលជាប់នៅតំបន់ភាគខាងលិចច្រកសមុទ្រ Hormuz បន្ទាប់ពីអ៊ីរ៉ង់អនុញ្ញាតឲ្យនាវាឥណ្ឌា២-៣គ្រឿង ធ្វើដំណើរឆ្លងកាត់ ក្នុងករណីលើកលែងដ៏កម្រមួយ ។
យោងតាមការអះអាងរបស់ក្រុមហ៊ុនទិន្នន័យសមុទ្រ Lloyd’s List Intelligence បានឲ្យដឹង នាវាជិត ៩០គ្រឿង ដែលក្នុងនោះមាននាវាដឹកប្រេងផងដែរ បានឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីការចាប់ផ្តើមនៃការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា កាលពីចុងខែកុម្ភៈ ៕
