យុទ្ធនាការផ្តល់វ៉ាក់សាំងជំងឺកញ្ជ្រឹលទ្រង់ទ្រាយធំដឹកនាំដោយក្រុមគ្រូពេទ្យគ្មានព្រំដែន(MSF) បានចាប់ផ្តើមកាលពីថ្ងៃអង្គារ នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាទីដែលកុមាររាប់រយនាក់ ត្រូវបានចាក់វ៉ាក់សាំងនៅថ្ងៃដំបូង ស្របពេលដែលកម្មករសុខភាព ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ក្នុងទីក្រុង Goma ។
ក្រុម MSF បានធ្វើការជាមួយអាជ្ញាធរសុខភាពក្នុងស្រុក ដើម្បីចាក់វ៉ាក់សាំងដល់កុមារជាង ២៦ម៉ឺននាក់ ដែលមានអាយុចាប់ពី ៦ខែ ដល់ ៥៩ខែ ហើយនិងនៅតាមតំបន់សុខភាពជិតខាង រួមទាំងតំបន់ Karisimbi និង Nyiragongo ផងដែរ ។

ពួកគេនិយាយថា យុទ្ធនាការនេះដែរ បានកើតមាន ស្របពេលផ្ទុះការរីករាលដាលជំងឺកញ្ជ្រឹលនៅកេនយ៉ា បង្កឡើងដោយសារការចាក់វ៉ាក់សាំងតិចតួច ជម្លោះ និងហេដ្ឋារចនាសម្ព័ន្ធសុខភាពមិនគ្រប់គ្រាន់ ។
យោងតាមការអះអាងរបស់ក្រុម MSF បានឲ្យដឹងថា ជំងឺកញ្ជ្រឹលបង្កហានិភ័យធ្ងន់ធ្ងរដល់កុមារអាយុក្រោម ៥ឆ្នាំ ក្នុងនោះផលវិបាកអាចនឹងនាំឲ្យស្លាប់ផងដែរ ជាពិសេសនៅក្នុងចំណោមកុមារជម្លៀសខ្លួន ។
នៅក្នុងមន្ទីរពេទ្យព្យាបាលជំងឺទូទៅ Kyeshero កុមារមានជំងឺកញ្ជ្រឹលធ្ងន់ធ្ងរ ទទួលបានការព្យាបាល ដែលកុមារមួយចំនួន ត្រូវបានបញ្ជូនចេញពីមណ្ឌលសុខភាពក្នុងស្រុក ៕
