ប្រធានអាជ្ញាធរគយកាតា និយាយប្រាប់កាសែត Al Jazeera ថា កាតាគ្មានហេតុផលត្រូវព្រួយបារម្ភពីកង្វះខាតទំនិញ ឬការអាក់ខានចំពោះខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួននោះឡើយ បើទោះបីជាភាពតានតឹងឡើងកម្តៅខ្លាំងក្នុងតំបន់ក៏ដោយ ដោយរូបលោកបញ្ជាក់ថា ទុនបម្រុងយុទ្ធសាស្ត្រ ប្រព័ន្ធគយឌីជីថល និងផ្លូវដឹកជញ្ជូនជាច្រើន នៅតែជួយរក្សាលំហូរពាណិជ្ជកម្មដដែល ។
លោក Ahmed bin Abdullah Al Jamal គឺជាប្រធានអាជ្ញាធរគយកាតា និយាយថា ស្ថិរភាពផ្គត់ផ្គង់នៅកាតា ត្រូវបានគាំទ្រដោយប្រភពនាំចូលចម្រុះ ហេដ្ឋារចនាសម្ព័ន្ធភស្តុភារប្រកបដោយប្រសិទ្ធិភាព និងស្តុកទំនិញយុទ្ធសាស្រ្តចាំបាច់គ្រប់គ្រាន់ ។

លោក Al Jamal និយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Al Jazeera ថា ពុំមានសូចនាករថា មានក្តីបារម្ភចំពោះកង្វះខាតទំនិញ ឬការរំខានចំពោះខ្សែចង្វាក់ផ្គត់ផ្គង់នៅក្នុងរដ្ឋកាតានោះទេ ។
លោកថា អាជ្ញាធរគយ កំពុងបន្តតាមដានលំហូរពាណិជ្ជកម្ម នៅទូទាំងចំណុចចូលជាច្រើន ដោយមានការសម្របសម្រួលជាមួយទីភ្នាក់ងារដទៃ ដើម្បីធានាថា ទំនិញបានចល័តដោយរលូន ហើយខ្សែចង្វាក់ផ្គត់ផ្គង់ ពុំបានរងផលប៉ះពាល់ដោយសារភាពតានតឹងក្នុងតំបន់នោះឡើយ ។
បទសម្ភាសន៍របស់លោក Al Jamal បានកើតមានឡើង ពេលដែលអ៊ីរ៉ង់ បន្តបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូនលើប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រ ស្របពេលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ៕
