យោធាសហរដ្ឋអាមេរិក បានបញ្ជាក់ថា មនុស្សយ៉ាងហោច ១៥៧នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើទូកជួញដូរគ្រឿងញៀនសង្ស័យ នៅជិតអាមេរិកឡាទីន គឺជាយុទ្ធនាការមួយដែលក្រុមអ្នកជំនាញផ្នែកច្បាប់ចាត់ទុកថា ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរផ្ញើរជូនសមាជិកសភាសហរដ្ឋអាមេរិក លោក Joseph Humire គឺជាមន្រ្តីការពារជាតិជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក និយាយថា ទូកជួញដូរគ្រឿងញៀន ៤៧គ្រឿង រងការវាយប្រហារនៅសមុទ្រការ៉ាអ៊ីប និងសមុទ្រប៉ាស៊ីហ្វិកខាងកើត ចាប់តាំងពីយុទ្ធនាការចាប់ផ្តើមកាលពីខែកញ្ញា ឆ្នាំ ២០២៥ ។
នៅពេលសួរដោយក្រុមតំណាងរាស្រ្តកាលពីថ្ងៃអង្គារថា តើបរិមាណគ្រឿងញៀនចូលទឹកដីសហរដ្ឋអាមេរិកប៉ុន្មាន បានធ្លាក់ចុះ លោក Humire បញ្ជាក់ថា បច្ចុប្បន្នទូកជួញដូរគ្រឿងញៀន បានថមថយចំនួន ២០ភាគរយ នៅតំបន់ការ៉ាអ៊ីប ។ លោកបន្តថា ពួកយើងបានគណនាពីការធ្លាក់ចុះចំនួនទូកជួញដូរគ្រឿងញៀនទាំងនេះ ។
ក្រុមអ្នកជំនាញ បានបង្ហាញមន្ទិលសង្ស័យថា ការវាយប្រហារទាំងនេះ ពុំបានប៉ះពាល់ខ្លាំងនោះទេដល់ការជួញដូរគ្រឿងញៀន ហើយអ្នកជំនាញផ្នែកច្បាប់ និយាយថា យុទ្ធនាការរបស់ពួកគេ គឺជាការបំពានយ៉ាងច្បាស់ក្រឡែតលើច្បាប់អន្តរជាតិ ហើយបិទបាំងភាពខុសគ្នារវាងជម្លោះប្រដាប់អាវុធ និងសកម្មភាពឧក្រិដ្ឋកម្ម ៕
