សម្រាប់លោក Roy Ang ដែលគ្រប់គ្រងធុរកិច្ចផលិតថង់ប្លាស្ទិកនៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី ផលប៉ះពាល់ដោយសារជម្លោះមជ្ឈិមបូព៌ា បានធ្វើឲ្យរូបលោកចំណាយកាន់តែច្រើនលើវត្ថុធាតុដើម ។
ជ័រប៉ូលីអេទីឡែន ដែលជាវត្ថុធាតុដើមធ្វើពីប្រេងកាត ត្រូវបានប្រើប្រាស់ដើម្បីផលិតថង់ប្លាស្ទិក សម្រាប់អតិថិជនចំណីអាហារ និងឱសថរបស់លោក នៅទូទាំងប្រទេសម៉ាឡេស៊ី និងសិង្ហបុរីនោះ បានឡើងថ្លៃពី ១១០ដុល្លារ ដល់ ១៥០ដុល្លារ ។
វាបានឡើងចាប់ ១.០៥០ដុល្លារ ដល់ ១.១២០ដុល្លារ ក្នុង ១តោន មុនសង្រ្គាម ដល់ ១.១៦០ដុល្លារ និង ១.២៧០ដុល្លារ ក្នុង ១តោន ពោលគឺកើនឡើងពី ១០ ដល់ ១៣ភាគរយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។
ក្រុមហ៊ុនផលិតធំៗ កំពុងពន្យាពេលការកំណត់តម្លៃរហូតដល់ខែឧសភា ឬរហូតដល់មានការជូនដំណឹងបន្ថែមទៀត ស្របពេលដែលតម្លៃប្រេងហក់ឡើងខ្ពស់ ហើយក្រុមហ៊ុនខ្លះទៀត កាត់បន្ថយផលិតកម្មរបស់ខ្លួនទាំងអស់ ហើយនិងសម្រេចផ្គត់ផ្គង់តែអតិថិជនសំខាន់ៗរបស់ខ្លួនប៉ុណ្ណោះ ។
តម្លៃជ័រទំនងជាកើនឡើងរយៈពេលប៉ុន្មានខែទៀត ហើយអាចនឹងនៅទ្រឹងត្រឹម ១០ ភាគរយ ដល់ ២៥ភាគរយ ខ្ពស់ជាងកាលពីមុន ។
លោក Ang វ័យ ៥០ឆ្នាំនិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន CNAថា កំណើនទាំងនេះ ច្បាស់ណាស់ថា នឹងត្រូវឡើងដូចគ្នាសម្រាប់អតិថិជនរបស់ពួកយើង ។
លោកបន្តថា អ្វីដែលពួកយើងប្រឈមនាពេលឥឡូវនេះ គឺក្រុមអ្នកផ្គត់ផ្គង់ពន្យាពេលការកំណត់តម្លៃ ហើយនិងការបែងចែកស្តុក ដូច្នេះហើយបើទោះបីជាមានលំហូរសាច់ប្រាក់គ្រប់គ្រាន់យ៉ាងណាក្តី ពួកយើងពុំអាចទទួលបានស្តុកនោះទេ ។
ស្របពេលដែលវត្ថុធាតុដើមកើនឡើងពី ៦០ភាគរយ ដល់ ៧៥ភាគរយ លោក Ang រំពឹងថា នឹងដំឡើងតម្លៃផងដែរសម្រាប់អតិថិជនរបស់លោក ដែលភាគច្រើនជាអ្នកផលិតគ្រឿងវេជ្ជសាស្រ្ត គ្រឿងអេឡិចត្រូនិក និងចំណីអាហារ ពី ៥ភាគរយ ដល់ ១០ភាគរយ ៕