រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz អះអាងថា អ៊ីស្រាអែល បានសម្លាប់រដ្ឋមន្រ្តីចារកម្មអ៊ីរ៉ង់លោក Esmaeil Khatib ។ ទីក្រុងតេអេរ៉ង់ ពុំបានធ្វើសេចក្តីអត្ថាធិប្បាយ ឬបញ្ជាក់ពីការវាយប្រហារមួយនេះឡើយ ។
បើសិនជាការអះអាងនៅថ្ងៃពុធនេះ ត្រូវបានបញ្ជាក់ពិតមែន វានឹងក្លាយជាការធ្វើឃាតដ៏សំខាន់ទី ៣លើមេដឹកនាំអ៊ីរ៉ង់ ក្នុងរយៈពេល ២ថ្ងៃ ។
ការធ្វើឃាតប្រធានសន្តិសុខអ៊ីរ៉ង់លោក Ali Larijani និងលោក Gholamreza Soleimani គឺជាប្រធានកងកម្លាំងយោធាប៉ារ៉ា Basij ដែលអ្នកទាំង ២ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារនោះ បានក្លាយជាផលប៉ះពាល់មួយដល់អ៊ីរ៉ង់ ។ អ៊ីរ៉ង់បានរៀបចំពិធីបុណ្យសពសម្រាប់អ្នកទាំង ២ នៅថ្ងៃពុធនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់និយាយថា ការសម្លាប់លោក Larijani មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់នោះទេ ។
នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Al Jazeera ដែលបានចាក់ផ្សាយ ក្រោយការសម្លាប់លោក Larijani ត្រូវបានបញ្ជាក់ដោយទីក្រុងតេអេរ៉ង់នៅព្រឹកថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi និយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅមិនទាន់ដឹងទេថា រដ្ឋាភិបាលអ៊ីរ៉ង់មិនមែនពឹងផ្អែកលើបុគ្គលតែម្នាក់នោះទេ ៕