អ៊ុយក្រែន៖ យោងតាមអ្នកនាំពាក្យអភិបាលក្រុងឲ្យដឹងថា មនុស្សជិត ៥.០០០នាក់រួមទាំងកុមារ ២១០នាក់បានស្លាប់ក្នុងទីក្រុងដែលត្រូវបានឡោមព័ទ្ធ Mariupol ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីចូលលុកលុយកាលពីខែមុន។

កាលពីថ្ងៃចន្ទ អ្នកនាំពាក្យរូបនេះបានដកស្រង់ទិន្នន័យពីការិយាល័យអភិបាលក្រុងថា អគារប្រហែល ៩០% ក្នុងទីក្រុងកំពង់ផែនេះត្រូវបានខូចខាត និងប្រហែល ៤០% ត្រូវបានបំផ្លិចបំផ្លាញ។ គេមិនច្បាស់ភ្លាមៗទេថា តើចំនួនអ្នកស្លាប់ត្រូវបានគណនា ឬរាប់ដោយរបៀបណានោះ។ កាលពីថ្ងៃចន្ទនោះដែរ លោក Vadym Boichenko អភិបាលក្រុង Mariupol បាននិយាយថា ជនស៊ីវិល ១៦០,០០០នាក់នៅតែជាប់ក្នុងទីក្រុងដោយគ្មានម៉ាស៊ីនកំដៅ និងអគ្គិសនីប្រើប្រាស់ បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីជាច្រើនសប្ដាហ៍មកនេះ។

លោកបាននិយាយនៅក្នុងទូរទស្សន៍ជាតិថា ស្ថានភាពក្នុងទីក្រុងនៅតែលំបាក។ ប្រជាពលរដ្ឋកំពុងរងទុក្ខហួសពីបន្ទាត់គ្រោះមហន្តរាយមនុស្សធម៌ទៅទៀត។ យើងចាំបាច់ត្រូវជម្លៀសពួកគេទាំងអស់ចេញពីទីក្រុង Mariupol។ ចំណែកភាគីខាងរុស្ស៊ីវិញ អនុប្រធានអគ្គសេនាធិការយោធារុស្ស៊ីលោកឧត្ដមសេនីយ៍ Sergei Rudskoi បាននិយាយថា ទាហានរុស្ស៊ី ១.៣៥១នាក់បានស្លាប់នៅក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ តាមការបញ្ជាក់កាលពីថ្ងៃសុក្រចុងសប្ដាហ៍មុន កងទ័ពរុស្ស៊ីចំនួន ៣,៨២៥នាក់បានរងរបួស៕
អត្ថបទ៖ សុខមាន