នៅថ្ងៃពុធនេះ យោធាឥណ្ឌូនេស៊ី បានឃាត់ខ្លួនទាហាន ៤នាក់ ពាក់ព័ន្ធនឹងករណីសង្ស័យវាយប្រហារទឹកអាស៊ីតលើសកម្មជនសិទ្ធិមនុស្សម្នាក់ ដែលរិះគន់លើតួនាទីកើនឡើងរបស់កងកម្លាំងប្រដាប់អាវុធ ។
លោក Andrie Yunus គឺជាអនុប្រធានក្រុមសម្របសម្រួលសិទ្ធិមនុស្ស KontraS បានជិះទោចក្រយានយន្តកាលពីសប្តាហ៍មុន ពេលដែលបុរស ២នាក់ មកជិតលោក រួចចោលទឹកអាស៊ីតលើរូបលោក ។ លោកបានរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ផ្ទៃមុខ ភ្នែក ដៃ និងដងខ្លួន ។

លោកមេបញ្ជាការ Yusri Nuryanto និយាយថា យោធា បានឃាត់ខ្លួនទាហាន ៤រូប មកពីអង្គភាពចារកម្មនៃកងកម្លាំងប្រដាប់អាវុធ ដែលសង្ស័យថាមានទំនាក់ទំនងជាមួយការវាយប្រហារនេះ ។
លោក Nusri និយាយដោយពុំបានផ្តល់សេចក្តីលម្អិតពីករណីឧក្រិដ្ឋកម្មចោទប្រកាន់របស់ពួកគេថា ការស៊ើបអង្កេតក្រោយការវាយប្រហារ បានរកឃើញភាពខុសប្រក្រតី ដែលនាំឲ្យមានការឃាត់ខ្លួនពួកគេ ។
លោកនិយាយប្រាប់សន្និសីទសារព័ត៌មានថា ពួកយើងនៅស៊ើបអង្កេតពីមូលហេតុនៃការវាយប្រហាររបស់ជនល្មើសរងការចោទប្រកាន់ទាំង ៤រូបនេះ ៕
