ក្រសួងការពារជាតិទួរគី នៅថ្ងៃពុធ (ទី១៨ ខែមីនា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា អង្គការណាតូ (NATO) កំពុងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Patriot របស់សហរដ្ឋអាមេរិកផ្សេងទៀត នៅខេត្ត Adana នៅភាគខាងត្បូងនៃប្រទេសទួរគី ជាកន្លែងដែលបុគ្គលិកមកពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ស្ថិតនៅក្នុងមូលដ្ឋានទ័ពអាកាស Incirlik។
ទួរគី ដែលមានកងទ័ពធំជាងគេទី២ របស់អង្គការណាតូ និងជាប្រទេសជិតខាងអ៊ីរ៉ង់ បានឲ្យដឹងកាលពីសប្តាហ៍មុនថា សម្ព័ន្ធមិត្តបានដាក់ពង្រាយប្រព័ន្ធ Patriot ទៅកាន់ខេត្ត Malatya នៅភាគអាគ្នេយ៍របស់ខ្លួន នៅជិតមូលដ្ឋានរ៉ាដារបស់អង្គការណាតូ ដែលជាផ្នែកមួយនៃជំហាននានា ដើម្បីជំរុញការការពារផ្លូវអាកាសប្រឆាំងនឹងការគំរាមកំហែងដោយមីស៊ីលពីសង្គ្រាមអ៊ីរ៉ង់។
ខេត្ត Adana គឺជាទីតាំងនៃមូលដ្ឋានទ័ពអាកាស Incirlik របស់ប្រទេសតួកគី ជាកន្លែងដែលបុគ្គលិកមកពីសហរដ្ឋអាមេរិក កាតា អេស្ប៉ាញ និងប៉ូឡូញ ស្ថិតនៅ ក៏ដូចជាកងទ័ពទួរគីផងដែរ។
ហើយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ក្រសួងបានឲ្យដឹងថា៖ «បន្ថែមពីលើវិធានការកម្រិតជាតិដែលបានធ្វើឡើង ដើម្បីធានាសុវត្ថិភាពនៃដែនអាកាស និងប្រជាពលរដ្ឋរបស់យើង ប្រព័ន្ធ Patriot មួយផ្សេងទៀត ដែលត្រូវបានបញ្ជាដោយទីបញ្ជាការទ័ពអាកាសសម្ព័ន្ធមិត្ត នៅតំបន់ Ramstein របស់អាល្លឺម៉ង់ កំពុងត្រូវបានដាក់ពង្រាយនៅខេត្ត Adana បន្ថែមពីលើប្រព័ន្ធ Patriot របស់អេស្ប៉ាញ ដែលឈរជើងនៅទីនោះស្រាប់»។
ទួរគី ដែលជាប្រទេសឈានមុខគេមួយ នៅក្នុងឧស្សាហកម្មការពារជាតិពិភពលោក មិនមានប្រព័ន្ធការពារដែនអាកាសផ្ទាល់ខ្លួនពេញលេញនោះទេ បើទោះបីជាមានកិច្ចប្រឹងប្រែងអភិវឌ្ឍន៍ក៏ដោយ ហើយបានពឹងផ្អែកលើប្រព័ន្ធការពារដែនអាកាសរបស់អង្គការណាតូ ដែលឈរជើងនៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើត ដើម្បីស្ទាក់ចាប់មីស៊ីល ៣គ្រាប់ ដែលខ្លួនបញ្ជាក់ថា ត្រូវបានបាញ់ចេញពីអ៊ីរ៉ង់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមឡើង៕