កូដកម្មព្រមានដោយសហជីពពាណិជ្ជកម្ម Verdi បានធ្វើឲ្យអាកាសយានដ្ឋានរបស់ទីក្រុងប៊ែរឡាំង ជាប់គាំង នៅថ្ងៃពុធនេះ ។
លោក Holger Roessler គឺប្រធានចរចាសហជីព Verdi និយាយថា ជើងហោះហើរ ៤៤៥វ៉ុល ពាក់ព័ន្ធនឹងអ្នកដំណើរប្រហែល ៥៧.០០០នាក់ បានរងផលប៉ះពាល់ ។ លោកនិយាយថា ថ្ងៃពុធនេះ ត្រូវបានជ្រើសរើសដោយចេតនាថា ជាថ្ងៃមានទំហំការធ្វើចរាចរណ៍លើដែនអាកាសទាបបំផុត ក៏ដូចជាមុនថ្ងៃវិស្សមកាល Easter ។
អាកាសយានដ្ឋាន Berlin Brandenburg ស្ថិតក្នុងចំណោមមជ្ឈមណ្ឌលសំខាន់ៗរបស់អាល្លឺម៉ង់ដែលមានអ្នកដំណើរប្រចាំឆ្នាំ ២៥លាននាក់ ។ សហជីព Verdi កំពុងចរចាទាមទារប្រាក់បៀវត្សរ៍គោលខ្ពស់ជាងនេះ សម្រាប់និយោជិក ២ពាន់នាក់ រួមទាំងបុគ្គលិកនៅផ្នែកពន្លត់អគ្គិភ័យ ផ្នែកគ្រប់គ្រងចរាចរណ៍លើដែនអាកាស និងផ្នែកគ្រប់គ្រងចំណត ។
កូដកម្មនេះដែរ កើតមានឡើងនៅមុនជុំមួយទៀតនៃកិច្ចចរចាកំណត់ធ្វើឡើងនៅថ្ងៃទី ២៥ ខែមីនា ។ ប្រធានប្រតិបត្តិអាកាសយានដ្ឋាន ចាត់ទុកកូដកម្មថាមិនសមមាត្រ ស្របពេលស្ថានភាពតានតឹងរួចទៅហើយដោយសារសង្រ្គាមអ៊ីរ៉ង់ ។
កូដកម្មព្រមានដោយសហជីព បានធ្វើឲ្យអាក់ខានធ្ងន់ធ្ងរផងដែរដល់ការដឹកជញ្ជូននៅទូទាំងប្រទេសអាល្លឺម៉ង់ នាពាក់កណ្តាលសប្តាហ៍ ។ បន្ថែមពីលើផលប៉ះពាល់ចំពោះអាកាសយានដ្ឋានក្រុងប៊ែរឡាំង ការដឹកជញ្ជូនសាធារណៈក្នុងស្រុក បានរងផលប៉ះពាល់ដូចគ្នា នៅទីក្រុង Munich និងទីក្រុង Cologne ។
ចំណែកឯនៅថ្ងៃព្រហស្បតិ៍ស្អែក កូដកម្មព្រមាន នឹងរីកកាន់តែធំ ។ តាមរដ្ឋសហព័ន្ធជាច្រើន រថយន្តក្រុង និងរថភ្លើង ត្រូវបានគេរំពឹងថានឹងជាប់គាំងទាំងស្រុងពេញមួយថ្ងៃ ៕