នៅថ្ងៃពុធ (ទី១៨ ខែមីនា ឆ្នាំ២០២៦) នេះ ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល បានត្រូវចំរោងចក្ររបស់អ៊ីរ៉ង់ នៅឯទីតាំងឧស្ម័នឈូងសមុទ្រដ៏សំខាន់ ដែលបណ្តាលឲ្យមានអគ្គិភ័យ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់។
ដោយដកស្រង់សម្តីរបស់លោក Ehsan Jahanian អភិបាលរងក្រុង Bushehr ភាគខាងត្បូង ជាកន្លែងដែលរោងចក្រនេះស្ថិតនៅ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា៖ «កាលពីប៉ុន្មាននាទីមុន ផ្នែកខ្លះនៃរោងចក្រឧស្ម័នដែលមានទីតាំងនៅក្នុងតំបន់ថាមពលសេដ្ឋកិច្ចពិសេស South Pars ក្នុងទីក្រុង Asaluyeh ត្រូវបានវាយប្រហារដោយមីស៊ីលដែលបាញ់ដោយសត្រូវ គឺអាមេរិក-អ៊ីស្រាអែល»។
ប្រព័ន្ធផ្សព្វផ្សាយ បានបន្ថែមថា ក្រុមពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីទប់ទល់នឹងអគ្គិភ័យ។ ទីតាំងដ៏ធំ South Pars/North Dome គឺជាទីតាំងបម្រុងឧស្ម័នដ៏ធំបំផុត នៅលើពិភពលោក។ ទីកន្លែងនេះផ្គត់ផ្គង់ឧស្ម័នធម្មជាតិក្នុងស្រុកប្រហែល ៧០ភាគរយរបស់អ៊ីរ៉ង់។
ក្នុងអំឡុងពេលមានសង្គ្រាម ១២ថ្ងៃ ក្នុងខែមិថុនាឆ្នាំមុន អ៊ីស្រាអែលបានវាយប្រហាររោងចក្រអ៊ីរ៉ង់ដែលកំពុងប្រតិបត្តិការនៅទីតាំងនេះ។ កាលពីថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសនេះ គឺលោក Ali Khamenei និងបង្កឲ្យមានសង្គ្រាមមួយ ដែលបានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា៕