រដ្ឋមន្ត្រីក្រសួងអប់រំប៉ូឡូញ នៅថ្ងៃពុធ (ទី១៨ ខែមីនា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសប៉ូឡូញមានគម្រោងហាមឃាត់ការប្រើប្រាស់ទូរស័ព្ទចល័ត នៅក្នុងសាលារៀន សម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ ដោយចូលរួមជាមួយបណ្ដាប្រទេសដែលកំពុងមានចំណាត់ការ ដើម្បីកំណត់ពេលវេលា នៅលើអេក្រង់ និងការប្រើប្រាស់បណ្ដាញសង្គមរបស់កុមារ។
ប្រទេស ដែលរួមមានទាំងហូឡង់ កូរ៉េខាងត្បូង និងអ៊ីតាលីផងដែរ បានហាមឃាត់ការប្រើទូរស័ព្ទចល័ត ឬស្មាតហ្វូន នៅក្នុងសាលារៀន ដោយសារតែមានក្ដីបារម្ភ អំពីផលប៉ះពាល់របស់វាទៅលើការផ្តោតអារម្មណ៍ និងឥរិយាបថរបស់ក្មេងៗ។ ប្រទេសផ្សេងទៀតបានហាមឃាត់ ឬកំពុងពិចារណាហាមឃាត់ការចូលប្រើបណ្ដាញសង្គមរបស់កុមារ។
លោកស្រី Barbara Nowacka បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងកំពុងបញ្ចប់ការងារ ពាក់ព័ន្ធនឹងចំណាត់ការផ្លាស់ប្តូរនីតិបញ្ញត្តិដ៏សំខាន់មួយ ដែលមានសារៈសំខាន់ សម្រាប់សាលារៀន ពោលគឺជាអ្វីដែលនឹងនាំឲ្យមានការហាមឃាត់ការប្រើប្រាស់ទូរស័ព្ទចល័ត នៅក្នុងសាលាបឋមសិក្សា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦»។
លោកស្រី Nowacka បាននិយាយថា ការប្រើប្រាស់ទូរស័ព្ទនៅក្នុងសាលារៀន «មិនអាចជារឿងធម្មតាបានទេ ព្រោះយើងឃើញហើយថា តើក្មេងៗពឹងផ្អែកលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតយ៉ាងដូចម្ដេច»។
កាលពីខែកុម្ភៈ លោកស្រីបានគូសបញ្ជាក់ពីផែនការហាមឃាត់ក្មេងៗអាយុក្រោម ១៥ឆ្នាំ មិនឲ្យប្រើប្រាស់បណ្ដាញសង្គម ដែលបើកផ្លូវឲ្យមានការប៉ះទង្គិចជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក៕

