សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃពុធ (១៨ មីនា) ដោយដកស្រង់សម្ដីក្រុមអ្នកវិភាគថា ការសម្លាប់អ្នកនយោបាយដែលមានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់ គឺលោក Ali Larijani បានរុញច្រានសាធារណរដ្ឋអ៊ិស្លាមមួយនេះ ឱ្យធ្លាក់ចូលក្នុងដំណាក់កាលមិនច្បាស់លាស់មួយ ដែលធ្វើឱ្យការសម្រេចចិត្តក្នុងទីក្រុងតេអេរ៉ង់ ទៅលើសមរភូមិដ៏ក្ដៅគគុក កាន់តែមានភាពស្មុគស្មាញ និងបង្រួមជម្រើសរបស់ខ្លួនឱ្យកាន់តែតិច ខណៈសង្រ្គាមនៅតែបន្តអូសបន្លាយ។

សង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានចាប់ផ្តើមជាមួយនឹងការសម្លាប់មេដឹកនាំកំពូលពីមុនរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei រួមជាមួយក្រុមមេបញ្ជាការយោធាជាច្រើនរូប ហើយមិនទាន់បង្ហាញសញ្ញានៃការថមថយឡើយ ខណៈមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត កំពុងក្លាយជាគោលដៅនៃការវាយប្រហារតាមអាកាស។

បញ្ហាប្រឈមដ៏ស៊ីជម្រៅសម្រាប់ទីក្រុងតេអេរ៉ង់ គឺបញ្ហារចនាសម្ព័ន្ធ។ ប្រព័ន្ធដែលបង្កើតឡើងសម្រាប់ភាពធន់ កំពុងត្រូវបានសាកល្បងដោយការបាត់បង់កម្លាំងមនុស្សបន្តិចម្តងៗ។ នៅពេលមន្ត្រីដែលមានបទពិសោធត្រូវបានធ្វើឃាត ចំនួនបុគ្គលដែលអាចគ្រប់គ្រងបានទាំងសង្រ្គាម ទាំងកិច្ចការរដ្ឋ ក៏កាន់តែថយចុះ។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បួនរូបបាននិយាយថា មានបុគ្គលតិចតួចណាស់នៅក្នុងជួររដ្ឋាភិបាលដូចជាលោក Larijani ដែលអាចបំប្លែងតថភាពសមរភូមិឱ្យទៅជាយុទ្ធសាស្ត្រនយោបាយ ដែលជាចន្លោះប្រហោងដែលអាចធ្វើឱ្យការសម្រេចចិត្ត និងការសម្របសម្រួលមានភាពយឺតយ៉ាវ។

អ្នកជំនាញជាន់ខ្ពស់មួយរូបនៅវិទ្យាស្ថានមជ្ឈិមបូព៌ា ក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា៖ មរណភាពរបស់លោក Larijani និងមន្ត្រីជាន់ខ្ពស់ដទៃទៀត «នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនយោបាយក្នុងទីក្រុងតេអេរ៉ង់»។ មន្ត្រីពីររូបបានបន្ថែមថា ទោះបីជាសាធារណរដ្ឋអ៊ីស្លាមមួយនេះត្រូវបានរៀបចំឡើងជាយូរមកហើយដើម្បីទប់ទល់នឹងការបាត់បង់មន្ត្រីជាន់ខ្ពស់ក៏ដោយ ក៏ប៉ុន្តែការស្វែងរកអ្នកមកជំនួសតំណែងលោក Larijani ក្នុងនាមជាអ្នកសម្របសម្រួលអំណាចក្រោមលក្ខខណ្ឌសង្រ្គាម នឹងមានការលំបាកខ្លាំងជាងមុនឆ្ងាយណាស់៕