ក្រុមហ៊ុនថាមពលរបស់រដ្ឋឈូងសមុទ្រ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ថា ការវាយប្រហាររបស់អ៊ីរ៉ង់បានបណ្តាលឱ្យមាន «ការខូចខាតយ៉ាងធ្ងន់ធ្ងរ» នៅមជ្ឈមណ្ឌលឧស្ម័នធំបំផុតរបស់ពិភពលោកនៅប្រទេសកាតា។

កាលពីពេលមុន ទីក្រុងតេអេរ៉ង់ បានសន្យាថានឹងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងរដ្ឋឈូងសមុទ្រ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើទីតាំងរបស់ខ្លួន។ រដ្ឋឈូងសមុទ្រ បានទទួលរងការសងសឹកយ៉ាងខ្លាំងរបស់អ៊ីរ៉ង់សម្រាប់ការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយទីក្រុងតេអេរ៉ង់បានកំណត់គោលដៅលើមូលដ្ឋាននានារបស់សហរដ្ឋអាមេរិក ប៉ុន្តែក៏បានវាយប្រហារលើទីតាំងថាមពលផងដែរ ដែលធ្វើឲ្យប្រទេសសម្បូរដោយអ៊ីដ្រូកាបូន មានកំហឹង។

ការវាយប្រហារ បានធ្វើឡើងនៅពេលដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត កំពុងធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេសមកពីទូទាំងពិភពអារ៉ាប់និងអ៊ីស្លាមសម្រាប់កិច្ចពិភាក្សានៅទីក្រុងរីយ៉ាដ ដើម្បីពិភាក្សាអំពីផលវិបាកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកាតាបានថ្កោលទោសអ្វីដែលខ្លួនហៅថា «ការវាយប្រហារយ៉ាងបង្ហូរឈាមរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើទីក្រុងរ៉ាសឡាហ្វាន (Ras Laffan)» ដោយនិយាយថា ការកំណត់គោលដៅនេះបង្ហាញពី «ការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់ខ្លួន»។ ហេតុការណ៍នេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលបានវាយប្រហារទីតាំងជាច្រើនកន្លែងរបស់អ៊ីរ៉ង់នៅផ្នែកទល់មុខនៃអាងស្តុកឧស្ម័នដ៏ធំ បែងចែកដោយអ៊ីរ៉ង់ និងកាតា ដែលជំរុញឱ្យប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ព្រមានអំពី «ផលវិបាកដែលមិនអាចគ្រប់គ្រងបាន» នៃការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។