ប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ លោក Mehdi Taj បាននិយាយកាលពីថ្ងៃពុធ (១៧ មីនា) ថា ក្រុមជម្រើសជាតិអ៊ីរ៉ង់ កំពុងបន្តការហ្វឹកហ្វឺនត្រៀមខ្លួនសម្រាប់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២៦ ហើយពុំមានបំណងដកខ្លួនចេញពីការប្រកួតនោះទេ ប៉ុន្តែពួកគេនឹងមិនធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកឡើយ។

អ៊ីរ៉ង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទទួលបានកៅអីវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែការចូលរួមរបស់ពួកគេស្ថិតក្នុងភាពមិនច្បាស់លាស់ ចាប់តាំងពីជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិក បានផ្ទុះឡើងនៅចុងខែកុម្ភៈ។ ការប្រកួតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ដោយមានអាមេរិក ម៉ិកស៊ិក និងកាណាដា ជាម្ចាស់ផ្ទះរួមគ្នា។

ក្រុមជម្រើសជាតិអ៊ីរ៉ង់ Melli គ្រោងប្រកួតក្នុងពូលជុំទីមួយទាំងបីប្រកួតរបស់ខ្លួននៅអាមេរិក ប៉ុន្តែលោក Taj បាននិយាយកាលពីថ្ងៃចន្ទថា សហព័ន្ធបាល់ទាត់អ៊ីរ៉ង់ (FFIRI) កំពុងចរចាជាមួយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ដើម្បីសុំផ្លាស់ប្តូរទីតាំងប្រកួតទៅម៉ិកស៊ិកវិញ។ ទីភ្នាក់ងារសារព័ត៌មាន Fars បានស្រង់សម្តីប្រធានសហព័ន្ធ FFIRI លោក Taj កាលពីថ្ងៃពុធថា៖ «ក្រុមជម្រើសជាតិកំពុងរៀបចំជំរំហ្វឹកហាត់នៅទួរគី ហើយក៏នឹងប្រកួតមិត្តភាពចំនួនពីរប្រកួតនៅទីនោះផងដែរ។ ក្រុមអ៊ីរ៉ង់នឹងធ្វើពហិការអាមេរិក ប៉ុន្តែនឹងមិនធ្វើពហិការ World Cup នោះឡើយ»។

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា ម៉ិកស៊ិកនឹងបើកចំហក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត World Cup របស់អ៊ីរ៉ង់ជាមួយនូវែលហ្សេឡង់ បែលហ្ស៊ិក និងអេហ្ស៊ីប ក្នុងខែមិថុនា ប៉ុន្តែការសម្រេចចិត្តចុងក្រោយលើការផ្លាស់ប្តូរទីតាំងណាមួយគឺស្ថិតនៅលើ FIFA។ FIFA ហាក់ច្រានចោល ដោយនិយាយថា ខ្លួនកំពុងទាក់ទងជាមួយសហព័ន្ធ FFIRI ប៉ុន្តែ «ក្រុមដែលចូលរួមទាំងអស់អាចនឹងប្រកួតតាមកាលវិភាគដែលបានប្រកាសកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៥»៕