អ្នកការទូតជាន់ខ្ពស់ចិនមួយរូបបាននិយាយកាលពីថ្ងៃពុធ ១៨មីនាសប្ដាហ៍នេះថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងថា មជ្ឈិមបូព៌ាទាំងមូលកំពុងត្រូវបានរុញទម្លាក់ចូលទៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុត។

លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានធ្វើអត្ថាធិប្បាយទាំងនេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសស៊ីរី។
លោក Fu បានសង្កត់ធ្ងន់ថា នៅពេលពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសស៊ីរី បរិបទតំបន់កាន់តែទូលំទូលាយមិនអាចមើលរំលងបានទេ។
អ្នកការទូតចិនរូបនេះបានបន្ថែមថា ការបន្តជម្លោះនៅមជ្ឈិមបូព៌ា នឹងនាំមកនូវទុក្ខវេទនាកាន់តែខ្លាំងដល់ប្រជាជនក្នុងតំបន់ និងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងសំខាន់ដល់សេដ្ឋកិច្ចតំបន់ និងសកលលោក។
លោក Fu បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ដើម្បីបញ្ឈប់សង្គ្រាម ទប់ស្កាត់ការរីករាលដាលនៃជម្លោះ និងវិលត្រឡប់ទៅរកការសន្ទនា និងការចរចាយ៉ាងឆាប់រហ័ស។ លោក Fu បានថ្លែងថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តដើរតួនាទីស្ថាបនាក្នុងការស្វែងរកសន្តិភាព៕

