នៅថ្ងៃព្រហស្បតិ៍ (១៩ មីនា) នេះ លោក Anutin Charnvirakul ត្រូវបានតែងតាំងជាបក្ខជនមួយរូបដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅក្នុងសភារបស់ថៃ បន្ទាប់ពីប្រទេសនេះត្រូវបានញាំញីដោយរឿងអាស្រូវនយោបាយ និងចលាចលអស់ជាយូរ ខណៈលោកកំពុងស្វះស្វែងរកអាណត្តិផ្លូវការដើម្បីបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីបក្ស ភូមិចៃថៃ របស់លោកឈ្នះឆ្នោតកាលពីខែមុន។

នៅក្នុងការផ្លាស់ប្តូរជោគវាសនាដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់គណបក្សមួយដែលធ្លាប់តែត្រដាបត្រដួសមិនអាចបង្កើតឥទ្ធិពលធំដុំក្នុងឆាកនយោបាយថៃបាន បក្សភូមិចៃថៃរបស់លោក Anutin បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពីខែកុម្ភៈកន្លងទៅ បន្ទាប់ពីយកភាពជាតិនិយមរបស់ប្រជាពលរដ្ឋថៃ ធ្វើជាដើមទុនក្នុងការឈរឈ្មោះបោះឆ្នោត។

ដើម្បីជាប់ឆ្នោតជានាយករដ្ឋមន្ត្រី លោក Anutin វ័យ ៥៩ឆ្នាំ ត្រូវការការគាំទ្រលើសពីពាក់កណ្តាលនៃសភា ឬស្មើនឹង ២៥១សំឡេង។ ការបោះឆ្នោតនេះត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា នេះ។

លោក Anutin ត្រូវបានតែងតាំងជាបេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយនឹងត្រូវប្រកួតប្រជែងដោយផ្ទាល់នៅក្នុងការបោះឆ្នោតសភា ទល់នឹងលោក Natthaphong Ruengpanyawut វ័យ ៣៨ឆ្នាំ ដែលជាមេដឹកនាំបក្សប្រជាជនថៃ (People's Party) ដែលជាបក្សជាប់លេខរៀងទី២ ក្នុងការបោះឆ្នោតសកល។
ប្រសិនបើលោក Anutin ពិតជាទទួលបានជោគជ័យមែន លោកនឹងមានអាណត្តិយ៉ាងច្បាស់លាស់ជាលើកដំបូង ដើម្បីដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចមិននឹងនរយ៉ាងដុនដាបជាយូរមកហើយ ដោយសារតែបន្ទុកបំណុលសាធារណៈដ៏ច្រើនលើសលប់ តម្រូវការជាបន្ទាន់នូវកំណែទម្រង់រចនាសម្ព័ន្ធ និងការប្រឈមមុខនឹងផលប៉ះពាល់ពីភាពមិនច្បាស់លាស់ផ្នែកពាណិជ្ជកម្ម ក៏ដូចជាផលវិបាកនៃសង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ផងដែរ៕