យោងតាមអង្គភាពសេវារថយន្តគិលានសង្គ្រោះបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់១៧នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនិងព្យុះផ្គររន្ទះ បានវាយប្រហារទីក្រុងកំពង់ផែការ៉ាជីរបស់ប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃពុធ ទី ១៨ ខែមីនា។

ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមានការជន់លិចនៅតំបន់ជាច្រើនក្នុងទីក្រុង ដោយផ្លូវច្រើនកន្លែងលិចទឹក។ ព្យុះនេះ ក៏បានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ផ្សេងៗនៅក្នុងទីក្រុង។
អាជ្ញាធរបាននិយាយថា ព្យុះបោកបក់ខ្លាំងដែលបានឆ្លងកាត់ទីក្រុងការ៉ាជី បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៧នាក់ស្លាប់ និង ៧ នាក់រងរបួស។

ខ្យល់បក់ ភ្លៀងធ្លាក់ខ្លាំង រន្ទះ និងរចនាសម្ព័ន្ធបាក់រលំ បានរួមចំណែកដល់គ្រោះថ្នាក់ជាច្រើននៅទូទាំងទីក្រុង។ នៅជិតក្រុង Landhi Gujar Para ជញ្ជាំងមួយបានបាក់រលំ ដោយបណ្តាលឲ្យប្តីប្រពន្ធពីនាក់ស្លាប់ នេះបើយោងតាមមន្ត្រីជួយសង្គ្រោះ ហើយ នៅក្រុង Malir Nadi Yaro Goth រន្ទះបាញ់បានឆក់យកជីវិតមនុស្សម្នាក់។
អ្នកនាំពាក្យរបស់អង្គភាពសង្គ្រោះបាននិយាយថា អ្នកស្លាប់ និងអ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរៗនោះ។