គ្រូបង្រៀនរាប់ពាន់នាក់ដែលមានទំនាក់ទំនងជាមួយសហជីព CNTE ជាសហជីពគ្រូបង្រៀន បានចេញធ្វើបាតុកម្មឆ្លងកាត់ទីក្រុង Mexico City កាលពីថ្ងៃពុធ ទី ១៨ ខែមីនា ដោយបង្កើតជំរំតវ៉ារយៈពេល ៧២ ម៉ោងនៅទីលាន Zocalo ដើម្បីទាមទារការដំឡើងប្រាក់ខែ និងលុបចោលកំណែទម្រង់អប់រំ និងប្រាក់សោធននិវត្តន៍។

ក្រុមអ្នកតវ៉ា បានកាន់បដាចោទប្រកាន់ប្រធានាធិបតី លោកស្រី Claudia Sheinbaum ពីបទបំពានការសន្យា និងមិនអើពើទៅនឹងការទាមទាររបស់គ្រូបង្រៀនខណៈកំពុងស្រែកនិងគ្រវីទង់ជាតិ។

អ្នកនាំពាក្យរបស់សហជីព CNTE បានប្រាប់អ្នកសារព័ត៌មានថា សហជីពមានគោលបំណងបង្កើតឡើងវិញការចរចាថ្នាក់ជាតិជាមួយរដ្ឋាភិបាល ដោយព្រមានអំពីការកើនឡើងដែលអាចកើតមាន។ អគ្គលេខាធិការសហជីពគ្រូបង្រៀន លោកស្រី Elvira Veletes នៅទីក្រុង Guerrero បានរិះគន់រដ្ឋាភិបាលចំពោះការផ្តល់អាទិភាពដល់ការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាងសិទ្ធិការងារ។ លោកស្រីបាននិយាយថា «យើងឃើញថា មានប្រាក់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក សម្រាប់កិច្ចព្រមព្រៀងជាមួយធនាគារ និងសម្រាប់មូលនិធិសោធននិវត្តន៍ ប៉ុន្តែពុំមែនសម្រាប់គ្រូបង្រៀនទេ»។
សហជីព CNTE ដែលតំណាងឱ្យគ្រូបង្រៀនមកពីរដ្ឋជាច្រើន មានប្រវត្តិនៃការតវ៉ាដែលបង្កការរំខាន។ កាលពីឆ្នាំមុន កូដកម្មរយៈពេល២០ថ្ងៃ បានធ្វើឱ្យផ្នែកមួយចំនួននៅរដ្ឋធានីជាប់គាំង ហើយពេលនេះ សហជីពគំរាមមានចំណាត់ការបន្ថែមទៀត ខណៈប្រទេសម៉ិកស៊ិកកំពុងសហការរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២៦។