ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្កើនការវាយប្រហាររបស់លោកលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជុំវិញការផ្សាយព័ត៌មានរបស់ពួកគេអំពីសង្គ្រាមនៅអ៊ីរ៉ង់។ លោក បាននិយាយថា ជម្លោះនេះកំពុងនៅបន្តដោយភាពប្រសើរសម្រាប់សហរដ្ឋអាមេរិក ប៉ុន្តែវាពុំមានការគាំទ្រច្រើនជាមួយសាធារណជនអាមេរិកទេ ហើយបានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងភាពវឹកវរ។

លោក TRUMP និយាយថា «ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់យើងជាច្រើនដែលគ្មានភាពជឿជាក់អ្វីទាំងអស់ កំពុងផ្សព្វផ្សាយព័ត៌មានដែលពួកគេដឹងថា មិនពិត។ ហើយវាជារឿងដ៏គ្រោះថ្នាក់ សម្រាប់ប្រទេស»។ ខណៈលោក Trump បានបន្តុះបង្អាប់ការផ្សាយព័ត៌មានដែលលោកចាត់ទុកថាមិនគាប់ប្រសើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយមតិយោបល់ថ្មីៗរបស់លោកបានបង្ហាញពីការកើនឡើងនៃការគំរាមកំហែងប្រឆាំងអង្គភាពព័ត៌មាន។ អ្នកតស៊ូមតិសេរីភាពសារព័ត៌មានមួយចំនួន ព្រួយបារម្ភអំពីផលប៉ះពាល់លើសារព័ត៌មានក្នុងអំឡុងពេលសង្គ្រាម ហើយចង្អុលបង្ហាញពីសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មាន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

យោងតាមការស្ទង់មតិរបស់ Reuters/Ipsos កាលពីថ្ងៃទី១ ខែមីនា មានតែពលរដ្ឋអាមេរិកម្នាក់ក្នុងចំណោមបួននាក់ប៉ុណ្ណោះ ដែលយល់ព្រមចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ហើយប្រហែលពាក់កណ្តាល រួមទាំងម្នាក់ក្នុងចំណោមបួននាក់នៃគណបក្សសាធារណរដ្ឋ ជឿថាលោក Trump មានឆន្ទៈខ្លាំងពេកក្នុងការប្រើប្រាស់កម្លាំងយោធា។ អ្នកផ្សេងទៀតនៅក្នុងរដ្ឋបាលលោក Trump ក៏បានបង្កើនការវាយប្រហាររបស់ពួកគេទៅលើសារព័ត៌មានផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បានរិះគន់សារព័ត៌មាន CNN ចំពោះការរាយការណ៍របស់ពួកគេអំពីសង្គ្រាមនៅអ៊ីរ៉ង់។ លោក Hegseth និយាយថា មានព័ត៌មានក្លែងក្លាយជាច្រើនពី CNN ដែលរាយការណ៍ថារដ្ឋបាល លោក Trump បានមើលស្រាលផលប៉ះពាល់នៃសង្គ្រាមនៅអ៊ីរ៉ង់លើច្រកសមុទ្រ Hormuz។ ជាការពិតណាស់ វាគួរឱ្យអស់សំណើច។ រយៈពេលជាច្រើនទសវត្សរ៍មកនេះ អ៊ីរ៉ង់បានគំរាមកំហែងដល់ការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ Hormuz នេះជាអ្វីដែលពួកគេតែងតែធ្វើ។