សហគមន៍ចារកម្មអាមេរិក បាននិយាយកាលពីថ្ងៃពុធ (១៨ មីនា) ថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិន មិនមានផែនការក្រសោបយកកោះតៃវ៉ាន់ ក្នុងឆ្នាំ២០២៧ នោះទេ ហើយកំពុងស្វះស្វែងរកការគ្រប់គ្រងលើកោះនេះដោយមិនប្រើកម្លាំងបាយ។ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយនោះឡើយ។

ការវាយតម្លៃក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ទីភ្នាក់ងារចារកម្មស្តីពីការគំរាមកំហែងសកល បានកើតឡើងខណៈដែលទីក្រុងប៉េកាំង បានបង្កើនសម្ពាធលើកោះតៃវ៉ាន់ ជាមួយនឹងសមយុទ្ធយោធាជាញឹកញាប់ ទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្ធូរបន្ថយការវាយតម្លៃលើហានិភ័យនៃសកម្មភាពយោធារបស់ចិន ក្នុងអំឡុងពេលលោកនៅកាន់តំណែងក៏ដោយ។

កាលពីចុងឆ្នាំ២០២៥កន្លងទៅ មន្ទីរបញ្ចកោណបាននិយាយថា យោធាអាមេរិកជឿថា ចិនកំពុងរៀបចំខ្លួនដើម្បីយកឈ្នះក្នុងប្រតិបត្តិការក្រសោបយកកោះតៃវ៉ាន់ ឱ្យបានត្រឹមឆ្នាំ២០២៧ ដែលជាខួបលើកទី១០០ នៃការបង្កើតកងទ័ពរំដោះប្រជាជន PLA របស់ចិន ហើយកំពុងសម្រិតសម្រាំងជម្រើសក្នុងការក្រសោបយកកោះតៃវ៉ាន់ ដោយប្រើ «កម្លាំងបាយ» ប្រសិនបើចាំបាច់។

របាយការណ៍របស់ទីភ្នាក់ងារចារកម្មអាមេរិកបានបញ្ជាក់ថា៖ «ទោះបីជាមានការគំរាមប្រើប្រាស់កម្លាំងដើម្បីបង្រួបបង្រួមជាតិ និងដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនមើលឃើញថាជាការប៉ុនប៉ងរបស់អាមេរិកក្នុងការប្រើប្រាស់កោះតៃវ៉ាន់ដើម្បីបន្ទុចបង្អាក់ការងើបឡើងរបស់ចិនក៏ដោយ ក៏ចិននៅតែចង់សម្រេចបាននូវការបង្រួបបង្រួមជាតិនេះដោយមិនប្រើប្រាស់កម្លាំងដែរ ប្រសិនបើអាចធ្វើទៅបាន»។
របាយការណ៍ដដែលបានបន្ថែមថា សហរដ្ឋអាមេរិក «វាយតម្លៃថា មេដឹកនាំចិន នាពេលបច្ចុប្បន្ន ពុំមានផែនការអនុវត្តការក្រសោបយកកោះតៃវ៉ាន់ក្នុងឆ្នាំ២០២៧ នោះឡើយ ហើយក៏មិនមានកាលវិភាគច្បាស់លាស់សម្រាប់ការសម្រេចបាននូវការបង្រួបបង្រួមជាតិនេះដែរ»៕