ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០៥លានដូស និងសឺរ៉ាំងម្ជុលចាក់ ចំនួន៥លាន ត្រូវដឹកមកប្រគល់ជូនកម្ពុជា រយៈពេល០២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២៩ និង៣០ ខែមីនា ឆ្នាំ២០២២។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាមួយលោកទីប្រឹក្សាសេដ្ឋកិច្ច តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(VIP) ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញមកទទួលការមកដល់របស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសឺរ៉ាំងម្ជុល ដឹកតាមយន្តហោះជើងទី១ ។
ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានប្រាប់BTV ព័ត៌មានថា នាថ្ងៃនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួនជាង១លានកន្លះដូស បើគិតជាចំនួនដប ប្រហែល ជា ៧៨ម៉ឺនដប រួមជាមួយនឹងសឺរ៉ាំងម្ជុលសម្រាប់ចាក់ ដែលមានគម្រោងទទួលជំហានទី១ ក្នុងចំនួន០៥ លានដូស ដែលមកដល់ថ្ងៃនេះ មានចំនួន១ភាគ៣។
ដោយឡែកថ្ងៃស្អែក មានយន្តហោះដឹកវ៉ាក់សាំងនឹងសឺរ៉ាំង ចំនួន០២ជើងទៀត មកបង្គប់ចំនួន៥លានដូស និងសឺរ៉ាំងចំនួន៥លាន ចុះមកដល់កម្ពុជា នៅម៉ោង៩ព្រឹក នេះគឺជាជំនួយក្នុងចំណោម២០លានដូស ដែលប្រមុខរាជរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានខិតខំ ជួបផ្ទាល់តាមទូរស័ព្ទពិសេស ជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ។
ដូច្នេះវ៉ាក់សាំងចំនួន២០លានដូសនៅថ្ងៃនេះ នឹងថ្ងៃស្អែក កម្ពុជា ក៏ទទួលបានជំហានទី១ ចំនួន០៥លានដូស ហើយយើងនៅសល់១៥លានដូសទៀត។ កម្ពុជា-ចិន កំពុងតែពិភាក្សាគ្នា ថាតើយើងតម្រូវការនាពេលណា ថាសាធារណរដ្ឋប្រជាមានិត ចិន នឹងបំពេញនូវតម្រូវការជូនដល់ព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា នាពេលខាងមុខនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីយន្តការកូវ៉ាក់ ចំនួន៧លាន៥សែនដូស ពីដើមខែមេសា រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២២។ ដូច្នេះវ៉ាក់សាំងជំនួយរបស់មិត្តចិន នៅចំនួន១៥លានដូសទៀត កម្ពុជានឹងស្នើឲ្យចិនផ្តល់ជូនក្រោយខែកញ្ញា ឆ្នាំ២០២២។
ទន្ទឹមនឹងនោះយើងនឹងធ្វើការពិភាក្សា រងចាំការសម្រេចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស នៅពេលសម្រេចយ៉ាងណា គឺចិន នឹងប្រគល់ជូនតាមតម្រូវការរបស់ភាគីកម្ពុជា៕ អត្ថបទ រដ្ឋា សុភ័ណ្ឌ






