ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា អ៊ីស្រាអែលដែលពេញដោយកំហឹង បាន «វាយប្រហារយ៉ាងខ្លាំងក្លា» និងបានកំណត់គោលដៅលើទីតាំងឧស្ម័នដ៏សំខាន់របស់អ៊ីរ៉ង់ ដែលជាស្ថានភាពកាន់តែអាក្រក់ឡើងៗ នៅក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប៉ុន្តែបានសន្យាមិនឲ្យមានការវាយប្រហារបែបនេះទៀតដោយអ៊ីស្រាអែល ប្រសិនបើអ៊ីរ៉ង់មិនសងសឹកទេនោះ។
ការវាយប្រហារ កាលពីថ្ងៃពុធ (ទី១៨ ខែមីនា ឆ្នាំ២០២៦) លើទីតាំងឧស្ម័នដ៏ធំ គឺ South Pars បានធ្វើឲ្យតម្លៃប្រេងហក់ឡើង និងបាននាំឲ្យមានការគំរាមកំហែងពីអ៊ីរ៉ង់ថា នឹងវាយប្រហារគោលដៅប្រេង និងឧស្ម័ននៅទូទាំងឈូងសមុទ្រ ខណៈពេលដែលប្រទេសនេះបានបាញ់មីស៊ីលសំដៅទៅកាតា និងអារ៉ាប៊ីសាអ៊ូឌីត។ នៅថ្ងៃព្រហស្បតិ៍នេះ អ៊ីរ៉ង់បានកំណត់គោលដៅលើរោងចក្រឧស្ម័នរបស់កាតាម្តងទៀត ហើយមីស៊ីលរបស់ខ្លួន ក៏បានកំណត់គោលដៅរដ្ឋធានីរបស់អារ៉ាប៊ីសាអ៊ូឌីតផងដែរ។

ការកើនឡើងនូវភាពតានតឹងកាន់តែខ្លាំងនេះ បង្កើនការរំខានមិនធ្លាប់មានពីមុនដល់ការផ្គត់ផ្គង់ថាមពលសកល ដែលបានធ្វើឲ្យមានហានិភ័យនយោបាយកាន់តែខ្ពស់ សម្រាប់លោក Trump ដែលបានចូលរួមជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារអ៊ីរ៉ង់ កាលពីជិត ៤សប្តាហ៍មុន។
លោក Trump បានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនបានដឹងជាមុនឡើយ អំពីការវាយប្រហាររបស់អ៊ីស្រាអែលទេ ដោយបន្ថែមថា កាតាមិនបានពាក់ព័ន្ធនោះទេ។ លោក Trump បានបង្ហោះនៅលើបណ្ដាញសង្គម X នៅថ្ងៃពុធថា៖ «អ៊ីស្រាអែល ដោយសារកំហឹង ចំពោះអ្វីដែលបានកើតឡើងនៅតំបន់មជ្ឈិមបូព៌ា បានវាយប្រហារយ៉ាងខ្លាំងក្លា ទៅលើរោងចក្រធំមួយ ដែលគេស្គាល់ថា ជាទីតាំងឧស្ម័ន South Pars នៅអ៊ីរ៉ង់»។
ហើយលោកបានបញ្ជាក់បន្ថែមថា៖ ««គ្មានការវាយប្រហារដោយអ៊ីស្រាអែលបន្ថែមទៀតឡើយ ទាក់ទងនឹងទីតាំង South Pars ដ៏សំខាន់ និងមានតម្លៃនេះ លុះត្រាតែអ៊ីរ៉ង់សម្រេចចិត្តមិនវាយប្រហារទៅលើប្រទេសដែលមិនដឹងពីរឿងនេះ ជាពិសេសប្រទេសកាតា»៕
