កាលពីថ្ងៃពុធ (ទី១៨ ខែមីនា ឆ្នាំ២០២៦) ប្រទេសអេស្ប៉ាញ បានសន្យាផ្តល់ជំនួយយោធាចំនួន ១ពាន់លានអឺរ៉ូ (១,១ពាន់លានដុល្លារ) ដល់អ៊ុយក្រែន បន្ទាប់ពីមានកិច្ចប្រជុំទ្វេភាគី នៅទីក្រុងម៉ាឌ្រីដ រវាងលោកនាយករដ្ឋមន្ត្រី Pedro Sanchez និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy។
ដោយប្រកាសពីកញ្ចប់នេះ បន្ទាប់ពីមានកិច្ចពិភាក្សា នៅវិមាន Moncloa លោក Sanchez បាននិយាយថា អេស្ប៉ាញនឹងបន្តគាំទ្រអ៊ុយក្រែន «ដរាបណានៅតែចាំបាច់» ដើម្បីសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង ខណៈដែលសង្គ្រាមរបស់រុស្ស៊ី ឈានចូលដល់ឆ្នាំទី៤ ហើយ។

កញ្ចប់ថ្មីនេះ បានធ្វើឲ្យជំនួយសរុបរបស់អេស្ប៉ាញដែលផ្ដល់ឲ្យអ៊ុយក្រែនឡើងដល់ ៤ពាន់លានអឺរ៉ូហើយ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។
លោក Sanchez បានបន្ថែមថា៖ «យើងនឹងនៅតែឈរខាងអ្នក ដូចដែលយើងតែងតែធ្វើកន្លងមក រាប់ចាប់ពីការមានគំនិតស្របគ្នា រហូតដល់ការជឿជាក់ លើសណ្តាប់ធ្នាប់អន្តរជាតិ ដែលទោះបីជាមានចំណុចខ្វះខាតក៏ដោយ បានជួយមនុស្សជាតិឲ្យទទួលបានសន្តិភាព និងវិបុលភាពយូរអង្វែង»។
លោកបានពិពណ៌នាអំពីពេលវេលាបច្ចុប្បន្នថា ជា «ភាពមិនប្រាកដប្រជាសកលដ៏ធំ» ដោយព្រមានថា សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា កំពុងអាចឲ្យរុស្ស៊ីទទួលបានអត្ថប្រយោជន៍ពីការហក់ឡើងតម្លៃប្រេងឥន្ធនៈ។
អំឡុងពេលធ្វើសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Zelenskyy បានបន្ទរក្ដីបារម្ភនោះ។ លោកបានអះអាងថា៖ «រុស្ស៊ីចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសង្គ្រាមនេះ»៕
