សហរដ្ឋអាមេរិក បានធ្វើម្ចាស់ផ្ទះទទួលតំណាងមកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងរ្វ៉ាន់ដា នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ និងថ្ងៃពុធ (ទី១៨ ខែមីនា ឆ្នាំ២០២៦) ដោយកិច្ចពិភាក្សាផ្តោតលើដំណើរការសន្តិភាពដែលជាប់គាំង នៅភាគខាងកើតកុងហ្គោ។

នេះបានក្លាយជាការជួបគ្នាលើកដំបូង រវាងភាគីទាំង២ ចាប់តាំងពីក្រសួងរតនាគារអាមេរិក បានដាក់ទណ្ឌកម្ម លើកងកម្លាំងការពារជាតិរ្វ៉ាន់ដា និងមន្ត្រីជាន់ខ្ពស់ចំនួន ៤នាក់ កាលពីថ្ងៃទី២ ខែមីនា។
ទីក្រុងវ៉ាស៊ីនតោនបានរិះគន់ការគាំទ្ររបស់រ្វ៉ាន់ដា ចំពោះក្រុមឧទ្ទាម M23 សម្រាប់អំពើហិង្សាជាបន្តបន្ទាប់នៅភាគខាងកើតកុងហ្គោ។ រ្វ៉ាន់ដាបដិសេធការគាំទ្រ ចំពោះក្រុម M23 ជាកងកម្លាំងដែលបានបើកការវាយប្រហារយ៉ាងលឿនរហ័សដូចផ្លេកបន្ទោរ នៅភាគខាងកើតកុងហ្គោ ក្នុងខែមករា ឆ្នាំ២០២៥ និងនៅតែកាន់កាប់ដែនដីដ៏ធំ។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក កុងហ្គោ និងរ្វ៉ាន់ដា ដែលចេញផ្សាយដោយក្រសួងការបរទេស កាលពីថ្ងៃពុធ បានបង្ហាញថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និងរ៉្វាន់ដា «បានព្រមព្រៀងគ្នាលើជំហានសម្របសម្រួលជាបន្តបន្ទាប់ ដើម្បីបន្ថយភាពតានតឹង និងជំរុញវឌ្ឍនភាពមូលដ្ឋានជាក់ស្ដែង»។
រ៉្វាន់ដា និងកុងហ្គោបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែធ្នូឆ្នាំមុន ដែលជាផ្នែកមួយនៃការជំរុញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការសម្របសម្រួលឲ្យមានសន្តិភាព និងទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារពីលោកខាងលិច។ តែយ៉ាងណាក្ដី ប៉ុន្មានថ្ងៃបន្ទាប់ពីពិធីនោះ ក្រុមឧទ្ទាម M23 បានរុលចូលទៅក្នុងទីក្រុង Uvira ភាគខាងកើតកុងហ្គោ ជិតព្រំដែនប៊ូរុនឌី ដែលជាស្ថានភាពតានតឹងដ៏ខ្លាំងបំផុតនៃសង្គ្រាម ក្នុងរយៈពេលប៉ុន្មានខែ៕
