ប្រទេសចិន ដែលជាទីតាំងនៃវិស័យចម្រាញ់ប្រេងធំជាងគេបំផុតរបស់ពិភពលោក បានឲ្យដឹងថា ខ្លួនបានត្រៀមរួចជាស្រេច ក្នុងការធ្វើការជាមួយតំបន់អាស៊ីអាគ្នេយ៍ ដើម្បីដោះស្រាយបញ្ហាថាមពលដែលបណ្តាលមកពីសង្គ្រាម នៅអ៊ីរ៉ង់ ហើយបានអំពាវនាវឲ្យភាគីពាក់ព័ន្ធបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់។
ការបង្ហាញឆន្ទៈរបស់ចិន ក្នុងការធ្វើការជាមួយតំបន់ដែលមានប្រជាជនជាង ៧០០លាននាក់ នឹងជាការសម្រាលត្រូវបានស្វាគមន៍ ក្នុងការជួយសង្គ្រោះដល់ក្រុមហ៊ុននាំចូលប្រេង នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីមានបទបញ្ជារបស់ទីក្រុងប៉េកាំង នៅដើមខែនេះ ដែលហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត សាំង និងប្រេងឥន្ធនៈយន្តហោះរបស់ប្រទេសចិន។

ការហាមឃាត់នេះ នឹងធ្វើឲ្យមានការខ្វះខាតកាន់តែធ្ងន់ធ្ងរឡើងៗ និងតម្លៃឡើងខ្ពស់បន្ថែមទៀត សម្រាប់ប្រទេសដៃគូយុទ្ធសាស្ត្រមួយចំនួនរបស់ចិន នៅតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងរងផលប៉ះពាល់រួចទៅហើយពីការកាត់បន្ថយការផ្គត់ផ្គង់ដែលបង្កឡើងដោយសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។
នៅពេលត្រូវបានសួរថា តើបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ បានទាក់ទងប្រទេសចិន ដើម្បីសុំជំនួយដែរ ឬអត់នោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «ស្ថានភាព នៅតំបន់មជ្ឈិមបូព៌ា បានរំខានដល់សន្តិសុខថាមពលជាសកល»។
លោក Lin បានបញ្ជាក់ថា៖ «ប្រទេសដែលពាក់ព័ន្ធគួរតែបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ ដើម្បីទប់ស្កាត់អស្ថិរភាព ក្នុងតំបន់ ពីផលប៉ះពាល់កាន់តែខ្លាំងៗ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក»។ លោកបានសង្កត់ធ្ងន់ថា៖ «ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ ដើម្បីដោះស្រាយបញ្ហាសន្តិសុខថាមពលរួមគ្នា»៕
