យោងតាមការអះអាងរបស់ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានឲ្យដឹងថា ស្រ្តីប៉ាឡេស្ទីន ៣នាក់ ត្រូវបានសម្លាប់ ពេលដែលបំណែក ឬអាចជាគ្រាប់រំសេវពីមីស៊ីលអ៊ីរ៉ង់ ធ្លាក់លើសាឡនមួយកន្លែង ស្ថិតនៅតំបន់កាន់កាប់វ៉េសប៊ែង ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ Wafa របស់អាជ្ញាធរប៉ាឡេស្ទីន រាយការណ៍ថា ស្រ្តី ៣នាក់ ត្រូវបានសម្លាប់ ពេលដែលសាឡនមួយកន្លែង ស្ថិតក្នុងទីក្រុង Beit Awwa នៅភាគនិរតីទីក្រុង Hebron ត្រូវបំណែកមីស៊ីលអ៊ីរ៉ង់កាលពីថ្ងៃពុធ ។
សេចក្តីរាយការណ៍បន្តថា មនុស្ស ១៣នាក់ផ្សេងទៀត បានរងរបួស ក្នុងឧបទ្ទេវហេតុនេះ រួមទាំងមនុស្សម្នាក់ដែលត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ ។

ទីភ្នាក់ងារ Wafa រាយការណ៍ថា បំណែកមីស៊ីល ដែលតែងតែបាញ់ទម្លាក់នៅលើអាកាសដោយប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល បានធ្លាក់ត្រូវចំសាឡន ហើយបំណែកនោះ បានធ្លាក់នៅទីតាំងផ្សេងទៀតផងដែរនៅក្នុងទីក្រុង Hebron ។
លោក Rory Challands គឺជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Al Jazeera នៅទីក្រុង Amman ប្រទេសហ៊្សកដានី និយាយថា មនុស្សក្នុងសហគមន៍ជាច្រើននៅតំបន់កាន់កាប់វ៉េសប៊ែង បានរងរបួស ហើយនិងខូចខាតទ្រព្យសម្បត្តិ ដោយសារការវាយប្រហារតាមច្រកអាកាសមុនៗរបស់អ៊ីរ៉ង់ ប៉ុន្តែពុំដែលមានមនុស្សស្លាប់នោះទេ ៕
