ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ បានបើកសវនាការជំនុំជម្រះជា សាធារណៈលើបណ្តឹងសុំលុបបញ្ជីបេក្ខជនដំបូង និងការប្តឹងជំទាស់ចំពោះបេក្ខជន ដែលមិនមានលក្ខណៈ សម្បត្តិស្របតាមលក្ខខន្តិកៈរបស់គ.ជ.ប។
ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានក្រុមប្រឹក្សាជំនុំ ជម្រះ បានបើកសវនាការជំនុំជម្រះជាសាធារណៈលើសំណុំរឿងចំនួន៦ ពាក់ព័ន្ធនឹងការប្ដឹងសុំលុបបញ្ជី បេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពាក្យប្ដឹងជំទាស់នឹងបេក្ខជន និងបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងសវនាការ ពាក់ព័ន្ធការសុំលុបបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន ភាគីដើមបណ្តឹងជា ប្រជាពលរដ្ឋ បានអះអាងមុខក្រុមប្រឹក្សាជំនុំជម្រះថា បេក្ខជនរបស់គណបក្សភ្លើងទៀន បានក្លែងបន្លំ ដោយសារបេក្ខជននោះ ពុំមានចំណេះដឹងគ្រប់គ្រាន់ ឬចេះអាន និងសរសេរឡើយ ដូច្នេះការបំពេញលក្ខខណ្ឌចុះឈ្មោះជាបេក្ខជន ដោយបុគ្គលផ្សេងជំនួសសាម៉ីខ្លួន។
ចំពោះសវនាការសំណុំរឿងប្តឹងជំទាស់នឹងបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ ដើមបណ្តឹង បានទាម ទារឲ្យលុបឈ្មោះបេក្ខជន ក៏ដូចជាបញ្ជីបេក្ខជនទាំងមូល ចេញពីសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដោយមូលហេតុមិនមានលក្ខណៈស្របតាមលក្ខខណ្ឌ នៃការចុះឈ្មោះរបស់បេក្ខជន។
សវនាការនេះ ក្រុមប្រឹក្សាជំនុំជម្រះ នឹងប្រកាសសេចក្តីសម្រេច នៅពេលរសៀលថ្ងៃនេះ។
ការរៀបចំបញ្ជីចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយ ត្រូវបានធ្វើឡើង ដើម្បីឈានទៅរក ការប្រកាសអំពីសុពលភាពរបស់បញ្ជីបេក្ខជនផ្លូវការ នៅថ្ងៃទី២៤ ខែមេសា ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕អត្ថបទ៖ សេក ឧត្តម