មន្ត្រីប៉ាឡេស្ទីន និងអេហ្ស៊ីប បានប្រាប់សារព័ត៌មាន AFP ថា ច្រកព្រំដែនតំបន់ហ្កាហ្សា ជាមួយប្រទេសអេហ្ស៊ីប បានបើកឡើងវិញ នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមីនា ឆ្នាំ២០២៦) នេះ សម្រាប់ចំនួនមនុស្សមានកំណត់ ដែលជាលើកដំបូង ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារ លើអ៊ីរ៉ង់។

មន្ត្រីអឌ្ឍចន្ទក្រហមអេហ្ស៊ីបម្នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទៅកាន់សារព័ត៌មាន AFP បានប្រាប់ថា ច្រកឆ្លងកាត់ Rafah បានបើកឡើងវិញទាំងទិសដៅទៅមក ដើម្បីអនុញ្ញាតឲ្យមាន «ការធ្វើដំណើរមានកំណត់» នៃអ្នកជំងឺជនជាតិប៉ាឡេស្ទីនចូលទៅក្នុងប្រទេសអេហ្ស៊ីប និងជនជាតិប៉ាឡេស្ទីនដែលជាប់នៅទីនោះ ត្រឡប់ចូលតំបន់ហ្កាហ្សាវិញ។
មន្ត្រីប៉ាឡេស្ទីនម្នាក់មកពីគណៈកម្មាធិការច្រកព្រំដែន បានប្រាប់សារព័ត៌មាន AFP ថា ជនជាតិប៉ាឡេស្ទីនរងរបួសចំនួន ៨នាក់ និងអ្នកដំណើរ ១៧នាក់ បានចាកចេញពីតំបន់ដែលរងការបំផ្លិចបំផ្លាញ ទៅកាន់អេហ្ស៊ីប។ ស្ថាប័នក្រសួងការពារជាតិអ៊ីស្រាអែល គឺ COGAT ដែលត្រួតពិនិត្យកិច្ចការស៊ីវិល នៅក្នុងដែនដីប៉ាឡេស្ទីន បានបញ្ជាក់ពីការបើកឡើងវិញនេះ តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
សារព័ត៌មាន Al-Qahera ដែលស្និទ្ធនឹងទីភ្នាក់ងារចារកម្មអេហ្ស៊ីប បានចាក់ផ្សាយរូបភាពនៃក្រុមតូចមួយនៃជនជាតិប៉ាឡេស្ទីន រួមទាំងអ្នកជំងឺដែលបានព្យាបាលនៅអេហ្ស៊ីប កំពុងរៀបចំចូលទៅតំបន់ក្នុងហ្កាហ្សាវិញ។ រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង ក៏ត្រូវបានគេឃើញកំពុងរង់ចាំទទួលអ្នកជំងឺដែលទៅដល់ ពីតំបន់នោះផងដែរ៕
