កិច្ចចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន ស្តីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន ដែលជាជម្លោះបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបំផុតរបស់តំបន់អឺរ៉ុបជាលើកដំបូង គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ត្រូវបានផ្អាកក្នុងអំឡុងពេលមានសង្គ្រាមអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Izvestia នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមីនា ឆ្នាំ២០២៦) នេះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលកាលពីឆ្នាំមុនបានលើកឡើងថា លោកចង់ឲ្យគ្រប់គ្នាចងចាំក្នុងនាមជាអ្នកបង្កើតសន្តិភាពនោះ បានសន្យាថា នឹងបញ្ចប់សង្គ្រាមអ៊ុយក្រែន ប៉ុន្តែចាប់តាំងពីពេលនោះមក លោកបានបញ្ជាក់ថា កិច្ចប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះនេះ គឺជាការខកចិត្តដ៏ធំបំផុតមួយរបស់លោក។

ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ បានបង្វែរការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិកចេញពីអ៊ុយក្រែន និងបានបង្កឲ្យមានការហក់ឡើងនូវតម្លៃប្រេង និងឧស្ម័ន ដែលរុស្ស៊ីជាអ្នកផលិត និងនាំចេញដ៏ធំមួយរបស់ពិភពលោក។
សារព័ត៌មាន Izvestia ដែលនៅសម័យសូវៀត តំណាងឲ្យទស្សនៈផ្លូវការរបស់រដ្ឋ និងឥឡូវនេះ ស្ថិតនៅក្រោមទណ្ឌកម្មរបស់សហភាពអឺរ៉ុប បានលើកឡើងនៅក្នុងអត្ថបទទំព័រមុខថា វិមានក្រឹមឡាំង បានបញ្ជាក់ពីការផ្អាកកិច្ចចរចា ជុំវិញបញ្ហាអ៊ុយក្រែន ហើយថា សង្គ្រាមអ៊ីរ៉ង់អាចជំរុញឲ្យទីក្រុងគីវឆ្ពោះទៅរកការសម្របសម្រួល។
ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាននេះថា បេសកជនរបស់ប្រធានាធិបតីរុស្ស៊ី លោក Kirill Dmitriev នឹងបន្តធ្វើការ លើការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប៉ុន្តែ «ក្រុមត្រីភាគីកំពុងផ្អាកដំណើរការ»៕

