នៅថ្ងៃព្រហស្បតិ៍នេះ វិមានក្រឹមឡាំង បានថ្កោលទោសអ្វីដែលពួកគេចាត់ទុកថាជាការកើនឡើងការវាយប្រហាររបស់អ៊ុយក្រែនលើស្ថានីយបង្ហាប់ឧស្ម័នក្រុមហ៊ុន Gazprom ដោយពួកគេលើកឡើងថា ឧបទ្ទេវហេតុបែបនេះ បានគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងផ្លូវថាមពលអន្តរជាតិ ។
លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង និយាយថា កាលពីថ្ងៃម្សិលមិញ របបក្រុងគីវ បន្ត និងបង្កើនការវាយប្រហារយានដ្រូនលើស្ថានីយបង្ហាប់ឧស្ម័នដែលធានាដល់ប្រតិបត្តិការនៅបំពង់បង្ហូរឧស្ម័ន TurkStream និង Blue Stream ស្ថិតនៅតាមមាត់សមុទ្រ ។ ការវាយប្រហារទាំងនេះ បានកើតឡើង កាលពីសប្តាហ៍មុន និងកាលពីថ្ងៃម្សិលមិញ ការវាយប្រហារទាំងនេះ នៅតែបន្ត ហើយជាងនេះទៅទៀត ចំនួនយានដ្រូន រឹតតែមានការកើនឡើង ។

លោកបន្តថា យោធារបស់ពួកយើងបានធ្វើអ្វីៗគ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការគំរាមកំហែងមួយនេះ ប៉ុន្តែនេះគឺជាការគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គឺជាការគំរាមកំហែងដល់ផ្លូវថាមពលអន្តរជាតិ ។
ខណៈពេលនោះដែរ ក្រុមហ៊ុន Gazprom និយាយថា ការវាយប្រហារបែបនេះ បានកើនឡើងញឹកញាប់ក្នុងសប្តាហ៍នេះ ប៉ុន្តែការវាយប្រហារទាំងនោះ ត្រូវបានរុញច្រានទាំងអស់ ៕
