យ៉ាងហោចណាស់សាកសពមនុស្សចំនួន ៨នាក់ ត្រូវបានរកឃើញពីទូកដឹកជនអន្តោប្រវេសន៍អាហ្វ្រិក ដែលត្រូវបានរកឃើញនៅលើឆ្នេរសមុទ្ររបស់កូម័រ។ នេះបើតាមការឲ្យដឹងពីមន្ត្រីនៅក្នុងប្រទេសប្រជុំកោះមហាសមុទ្រឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមីនា ឆ្នាំ២០២៦) នេះ។
អាជ្ញាធរជឿថា ជនអន្តោប្រវេសន៍ទាំងនោះកំពុងព្យាយាមធ្វើដំណើរទៅដល់កោះ Mayotte ជាដែនដីរបស់បារាំងដែលស្ថិតនៅចន្លោះប្រទេសម៉ូហ្សំប៊ិក និងម៉ាដាហ្គាស្ការ។
នាយកមន្ទីរពេទ្យក្នុងតំបន់ម្នាក់ បានប្រាប់សារព័ត៌មាន Reuters ថា នាវានេះត្រូវបានគេរកឃើញ កាលពីយប់ថ្ងៃពុធ បន្ទាប់ពីអ្នកស្រុកនៃទីក្រុងឆ្នេរសមុទ្រ Mitsamiouli បានឮសំឡេងស្រែកសុំជំនួយ និងបានជូនដំណឹងដល់នគរបាល។

យ៉ាងណាក្ដី មានរបាយការណ៍ផ្ទុយគ្នា អំពីចំនួនអ្នកស្លាប់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូម័រ លោក Mohamed Ahamada បាននិយាយថា សាកសព ៨នាក់ត្រូវបានរកឃើញ ហើយលោកនឹងផ្តល់ព័ត៌មានថ្មីៗ នៅពេលក្រោយ។ តែប្រធានមន្ទីរពេទ្យ បានប្រាប់ថា ចំនួនអ្នកស្លាប់អាចឡើងដល់ ១៧នាក់ ដោយបន្ថែមថា អ្នករស់រានមានជីវិត បានរាយការណ៍ថា ពួកគេមកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទោះបីជានគរបាលនៅតែធ្វើការ ដើម្បីផ្ទៀងផ្ទាត់សញ្ជាតិក៏ដោយ។
នាយកដ្ឋានសន្តិសុខស៊ីវិលកូម័រ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ កំពុងបន្តធ្វើ នៅថ្ងៃព្រហស្បតិ៍នេះ។ ប្រភពសន្តិសុខមួយ បានប្រាប់សារព័ត៌មាន Reuters ថា ទូកនោះបានដឹកមនុស្សប្រហែល ៥០នាក់៕
