រថយន្តគិលានសង្រ្គោះរបស់អង្គការសុខភាពពិភពលោក(WHO) បានជួបជុំគ្នានៅមន្ទីរពេទ្យស្ថិតក្នុងទីក្រុង Khan Younis តំបន់ហ្កាហ្សានាថ្ងៃព្រហស្បតិ៍នេះ មុនពេលធ្វើដំណើរទៅកាន់ច្រកព្រំដែន Rafah ជាមួយអេហ្ស៊ីប ដោយដឹកជនប៉ាឡេស្ទីនត្រូវជម្លៀសទៅកាន់បរទេស ។
មន្ត្រីប៉ាឡេស្ទីន និងអេហ្ស៊ីបនិយាយថា ច្រកព្រំដែនតំបន់ហ្កាហ្សា ជាមួយប្រទេសអេហ្ស៊ីប បានបើកឡើងវិញ នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ចំនួនមនុស្សមានកំណត់ ដែលជាការបើកលើកដំបូង ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ។

មន្ត្រីអឌ្ឍចន្ទក្រហមអេហ្ស៊ីបម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះនិយាយថា ច្រកឆ្លងកាត់ព្រំដែន Rafah បានបើកឡើងវិញទាំងទិសដៅទៅមក ដើម្បីអនុញ្ញាតឲ្យមានការធ្វើដំណើរតាមចំនួនកំណត់របស់អ្នកជំងឺប៉ាឡេស្ទីនចូលទៅក្នុងប្រទេសអេហ្ស៊ីប និងជនជាតិប៉ាឡេស្ទីនដែលជាប់នៅទីនោះ ត្រឡប់ចូលតំបន់ហ្កាហ្សាវិញ ។
ពួកគេបន្តថា មានតែជនប៉ាឡេស្ទីន ៨នាក់ប៉ុណ្ណោះ ដែលរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល អំឡុងសង្រ្គាមរយៈពេល ២ឆ្នាំ និងសមាជិកគ្រួសាររបស់ពួកគេ ១៧នាក់ នឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរទៅព្យាបាលនៅប្រទេសអេហ្ស៊ីប ក្រោយច្រកព្រំដែនបើកឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ ។
ដោយឡែក អង្គភាព COGAT របស់ក្រសួងការពារជាតិអ៊ីស្រាអែល ដែលត្រួតពិនិត្យកិច្ចការស៊ីវិល នៅក្នុងដែនដីប៉ាឡេស្ទីន បានបញ្ជាក់ពីការបើកឡើងវិញនេះផងដែរ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះឡើយ ៕
