នៅថ្ងៃព្រហស្បតិ៍នេះ អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានស្វាគមន៍អ្វីដែលលោកនិយាយថា គឺជាសញ្ញាមួយពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា សកម្មភាពប្រយុទ្ធនៅអ៊ីរ៉ង់ អាចនឹងដល់ទីបញ្ចប់ ដែលអាចអនុញ្ញាតឲ្យអឺរ៉ុបរួមចំណែកសម្រេចសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ។
លោក Merz និយាយប្រាប់ក្រុមអ្នកសារព័ត៌មានមុនកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅកាលដែលប្រធានាធិបតីសហរដ្ឋអាមេរិកផ្ញើសញ្ញាក្នុងរឿងនេះកាលពីយប់មិញថា គាត់ត្រៀមបញ្ចប់ការប្រយុទ្ធគ្នា ។
គួរឲ្យដឹងថា លោក Trumpបាននិយាយកាលពីយប់ថ្ងៃពុធថា អ៊ីស្រាអែលបានវាយប្រហារយ៉ាងសន្ធាប់លើតំបន់ឧស្ម័នដ៏សំខាន់របស់អ៊ីរ៉ង់ ដែលជាការកើនឡើងកម្តៅកាន់តែខ្លាំងនៅក្នុងសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប៉ុន្តែលោកបន្តថា អ៊ីស្រាអែលមិនត្រូវវាយប្រហារបែបនេះបន្ថែមទៀតនោះទេ លុះត្រាតែអ៊ីរ៉ង់សងសឹកវិញ ។
លោក Merz បានបញ្ជាក់ឡើងវិញថា អឺរ៉ុបត្រៀមខ្លួនរួចរាល់ក្នុងការធ្វើឲ្យមានស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា នៅពេលណាសកម្មភាពប្រយុទ្ធគ្នា ត្រូវបានបញ្ឈប់ ៕