ប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាក DR នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមីនា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា ប្រទេសដាណឺម៉ាក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ពង្រាយកងទ័ពទៅកាន់កោះ Greenland កាលពីខែមករា ដោយបារម្ភមានការឈ្លានពានរបស់សហរដ្ឋអាមេរិក ខណៈដែលភាពតានតឹង បានកើនឡើង ជុំវិញការប៉ុនប៉ងរបស់ប្រធានាធិបតី លោក Donald Trump ក្នុងការបញ្ចូលដែនដីនេះជាឧបសម្ព័ន្ធ។
ប្រព័ន្ធផ្សព្វផ្សាយនេះ បានឲ្យដឹងថា ខ្លួនបានឃើញក្រឹត្យយោធាចុះថ្ងៃទី១៣ ខែមករា ដែលបានបម្រើជាមូលដ្ឋាន សម្រាប់ការដាក់ពង្រាយកងកម្លាំងដាណឺម៉ាក នៅក្នុងទឹកដីស្វយ័តរបស់ដាណឺម៉ាកមួយនេះ។ ឯកសារនេះបានពិពណ៌នាអំពីប្រតិបត្តិការរៀបចំការពារកោះ Greenland ពោលគឺភ្លាមៗបន្ទាប់ពីមានប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នៅប្រទេសវ៉េណេស៊ុយអេឡា ជាព្រឹត្តិការណ៍ដែលបានទម្លាក់ប្រធានាធិបតី លោក Nicolas Maduro ពីអំណាច។
មន្ត្រីយោធាដាណឺម៉ាកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ DR ថា៖ «នៅពេលដែលលោក Trump និយាយគ្រប់ពេលថា លោកចង់ទិញកោះ Greenland ហើយបន្ទាប់មកយើងឃើញអ្វីដែលបានកើតឡើងនៅវ៉េណេស៊ុយអេឡា យើងត្រូវយកចិត្តទុកដាក់ ចំពោះសេណារីយ៉ូដែលអាចកើតមានទាំងអស់»។ លោកបានបន្ថែមថា៖ «យន្តការផ្លូវការរបស់សហរដ្ឋអាមេរិក មិនដំណើរការដូចមុនទេ»។
DR បានឲ្យដឹងបន្ថែមថា ក្រោមស្លាកសមយុទ្ធរបស់អង្គការណាតូដែលមានឈ្មោះថា «Arctic Endurance» កងវរសេនាធំដាណឺម៉ាក និងកងកម្លាំងវរជន ត្រូវបានបញ្ជូនទៅកោះ Greenland ក៏ដូចជាកងទ័ពតំបន់ភ្នំអាល់របស់បារាំង និងទាហានអាល្លឺម៉ង់ និងស៊ុយអែត។ តែប្រភពមួយទៀត បានប្រាប់ DRថា គឺជាការដាក់ពង្រាយពិតប្រាកដ មិនមែនជាការហ្វឹកហ្វឺនឡើយ៕