ផ្លូវជនបទនៅក្នុងខេត្តតាកែវ និងខេត្តកំពត ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការតភ្ជាប់ធុរកិច្ចផ្សេងៗរវាងតំបន់ជនបទ និងទីប្រជុំជន ដោយបាននិងកំពុងប្រែក្លាយជនបទ ទៅជាតំបន់ដែលមានភាពរីកម្រើន។
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារជួសជុលផ្លូវ លូ និងផ្លាកឈ្មោះផ្លូវចំនួន ២គម្រោង ស្ថិតនៅ ខេត្តតាកែវ និងខេត្តកំពត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះថា ជុំវិញហេដ្ឋាចរនាសម្ព័ន្ធផ្លូវជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញនៅលើការងារស្ថាបនា ស្តារ ឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ផ្លូវក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៅតាមមូលដ្ឋាន សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន និងការផ្តល់សេវាសង្គមនានា ឆ្លើយតបទៅនឹង តម្រូវការចាំបាច់នៅតាមជនបទ។
ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួង មហាផ្ទៃ ដែលបានខិតខំប្រែងនៅលើការងារស្ថាបនាផ្លូវក្នុងខេត្តទាំងពីរ និងថែទាំរហូតបញ្ចប់សុពលភាព ដោយរក្សានូវគុណភាពល្អ ប្រសើរ ពោលគឺបានអនុវត្តស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, បាននិងកំពុងជំរុញការអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើន មានហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ជំរុញដំណើរការអន្តរសេដ្ឋកិច្ច-សង្គម និងការផ្សារភ្ជាប់សកម្មភាព ធុរកិច្ចផ្សេងៗរវាងតំបន់ជនបទ និងទីប្រជុំជន នេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ព្រោះការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធផ្លូវនៅតាមជនបទ ត្រូវបានរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចំណាយការវិនិយោគអស់ថវិកាច្រើន ដើម្បីបង្កើតបរិយាកាស និងលើកកម្ពស់ជីវភាពការរស់នៅរបស់ប្រជាជន។
សូមបញ្ជាក់ថា គម្រោងទាំងពីរខ្សែខាងលើនេះ ក្នុងនោះគម្រោងទី១៖ ការងារជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ
ប្រវែង ២.០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថាបនាប្រឡាយបេតុងប្រវែង ២.០០០ ម៉ែត្រ និងលូមូលមុខមួយចំនួន ៤កន្លែង ស្ថិតនៅឃុំ ព្រះបាទជាន់ជុំ និងឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ។ ចំណែកគម្រោងទី២៖ ការងារជួសជុលស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ១ខ្សែ ប្រវែង ៥.៥០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន១កន្លែង, លូប្រអប់មុខមួយចំនួន១កន្លែង, លូមូល មុខពីរចំនួន១កន្លែង, លូមូលមុខមួយចំនួន៣កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន២កន្លែង ស្ថិតនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ទៅភូមិ ព្រៃកែស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត៕
អត្ថបទ៖ សុន រ៉ាឌី

















