អគ្គលេខាធិការអង្គការណាតូលោក Mark Rutte នៅថ្ងៃព្រហស្បតិ៍នេះ បានគាំទ្រការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ហើយលោកនិយាយថា សម្ព័ន្ធមិត្តនឹងពិភាក្សាគ្នា ដើម្បីរកវិធីសាស្រ្តដោះស្រាយការបិទច្រកសមុទ្រ Hormuz ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីរ៉ូម៉ានីលោក Nicusor Dan នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រមុខណាតូរូបនេះ និយាយថា ការវាយប្រហារទាំងនេះ បានធ្វើឲ្យសមត្ថភាពអាវុធមីស៊ីលបាលីស្ទិក និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចុះខ្សោយ គឺជាអ្វីមួយដែលលោករៀបរាប់ថា សំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា ហើយនិងចាំបាច់ផងដែរសម្រាប់អ៊ីស្រាអែល ។
លោក Rutte បាននិយាយផងដែរថា ការបើកឡើងវិញច្រកសមុទ្រ Hormuz សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក ។
ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់ បានបង្អាក់ផ្លូវដឹកជញ្ជូនសមុទ្រឆ្លងកាត់ច្រកសមុទ្រមួយនេះ សម្រាប់នាវាដែលពួកគេនិយាយថា មានការជាប់ពាក់ព័ន្ធជាមួយសត្រូវក្នុងសង្រ្គាមរបស់ខ្លួន ហើយនិងសម្ព័ន្ធមិត្តរបស់ពួកគេ ៕