ក្លិនឈ្ងុយភាយពេញផ្ទះរងការខូចខាតដោយអន្លើរ ស្ថិតនៅតំបន់ភាគខាងជើងហ្កាហ្សា ខណៈដែលអ្នកស្រី Samira Touman លើកថាសនំ មុនពេលយកវាទៅដុត ។
អ្នកស្រី Samira វ័យ ៦០ឆ្នាំដែលមានកូន ៧នាក់ ធ្វើការយ៉ាងញាប់ដៃជាមួយកូនស្រីរបស់គាត់ និងកូនប្រសារស្រីរបស់គាត់ នៅថ្ងៃចុងក្រោយនៃពិធីបុណ្យរ៉ាម៉ាឌន ដើម្បីត្រៀមការមកដល់ពិធីបុណ្យប្រពៃណី Eid ដែលជាបុណ្យអ្នកស្រុកនៅហ្កាហ្សាស្រ្ទីបរៀបចំឡើកដំបូង ក្រោយមានបទឈប់បាញ់កាលពីខែតុលា ។
អ្នកស្រីបានច្របាច់ម៉្សៅដោយប្រុងប្រយ័ត្ន និងចាប់ផ្តើមលុញវាដោយយកចិត្តទុកដាក់ ខណៈកូនស្រីរបស់គាត់ ជួយធ្វើនំ ដោយលាយជាមួយម៉្សៅលម៉ើ និងល្ង ។
នៅមុខឡដុតកំពុងឆេះដោយប្រើអុស អ្នកស្រី Samira និងកូនស្រីរបស់គាត់ ប្តូរវេនគ្នាដុតនំ ។ ពួកគេនិយាយថា នេះគឺជាការងារដ៏លំបាកមួយ ដោយសារកង្វះខាតហ្គាស ប៉ុន្តែពួកគេនៅតែខំប្រឹង ដើម្បីបញ្ចប់ការងារធ្វើនំនេះ។
អង្គុយនៅមុខឡដុតនំ ហើយបែកញើសតាមថ្ងាស អ្នកស្រី Samira និយាយប្រាប់កាសែត Al Jazeera ថា នេះគឺជារដូវបុណ្យ Eid រដូវនាំសំណាង ។ ជាការពិតណាស់ថា ពួកយើងមិនបានរៀបចំពិធីឲ្យអធឹកអធមដូចកាលពីមុនសង្រ្គាមនោះទេ ជាពេលដែលពួកយើងបន្តធ្វើការ និងដុតនំរហូតដល់ព្រឹកថ្ងៃរះនៃពិធីបុណ្យ Eid ។
នំដែលគ្រួសារអ្នកស្រី Samira ធ្វើនៅឆ្នាំនេះ មិនមែនត្រឹមតែប្រើប្រាស់សម្រាប់គ្រួសារខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងការបញ្ជាទិញពីអតិថិជន និងអ្នកជិតខាងរស់នៅជុំវិញពួកគេផងដែរ ធ្វើឲ្យគ្រួសារមួយនេះ រកបានប្រាក់បន្ថែមបន្តិចបន្តួច មុនពិធីបុណ្យ Eid al-Fitr គឺជាបុណ្យមូស្លីម កើតមានបន្ទាប់ពីបញ្ចប់ខែពិសិដ្ឋរ៉ាម៉ាឌន ៕