ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺកាន់តែខិតចូលមកដល់ហើយ ដោយសល់ពេលប្រមាណតែកន្លះខែទៀតតែប៉ុណ្ណោះ។ ការខិតចូលមកដល់នេះ តាមភូមិឋាន ក៏ដូចជាវត្តអារាមមួយចំនួន បាននឹងកំពុងរៀបចំតុបតែង ដើម្បីអបអរសាទរ និងដើម្បីភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២ខាងមុខ។ ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាច្រើនដងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ គឺត្រូវតែរៀបចំ ពុំមានការផ្អាកដូចពីរឆ្នាំកន្លងនោះទេ។
ការអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ បានផ្ដល់នូវភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ព្រោះតែកម្ពុជាបានខកខានរៀបចំពិធីនេះរយៈពេល ២ឆ្នាំមកហើយ តាំងពីឆ្នាំ២០២០មក។ ជាក់ស្ដែងកំឡុងពេលនេះ ភូមិឋានក៏ដូចជាវត្តអារាមមួយចំនួនក៏បានតុបតែងលម្អដើម្បីសាទរនិងកំសាន្តនថ្ងៃចូលឆ្នាំខ្មែរផងដែរ។
សម្រាប់ភូមិ យកបាត្រ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋក្នុងភូមិនេះ បានចាប់ផ្ដើមចងខ្សែរំលេចដោយក្រណាត់ពណ៌នៅតាមដងផ្លូវចាប់ពីពេលនេះ ហើយក៏នឹងបន្តរៀបចំតុបតែងជាច្រើនថែមទៀតសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ។
ការរៀបចំ ការលេងល្បែងប្រជាប្រិយ និងរាំកម្សាន្ត ជាទំនៀមទំលាប់របស់ប្រជាពលរដ្ឋក្នុងភូមិនេះ ជាយូរមកហើយ នេះជាការលើកឡើងរបស់ពួកគាត់។
ពាក់ព័ន្ធនឹងការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ក៏នឹងចាប់ផ្ដើមរៀបចំ តុបតែងលម្អចាប់ពីថ្ងៃទី ១ខែ មេសាឆ្នាំ ២០២២ខាងមុខ។ ឆ្នាំ២០២២នេះ ជាឆ្នាំដំបូងហើយដែល រាជរដ្ឋាភិបាលកម្ពុជាប្រកាសឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើងវិញ តាំងពីមានវត្តមានកូវីដ-១៩មក។
ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺជាឱកាសមួយដែលកម្ពុជា អាចស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនជាពិសេសនៅតំបន់ទីតាំងទេសចរណ៍ ដែលរៀបចំពិធីធំៗដូចជា សង្រ្កាន្តខេត្តសៀមរាប៕ អត្ថបទ៖ គឹមហុក